Honda ដឹកនាំជម្រើសជាតិកម្ពុជា ដើម្បីសម្រេចគោលបំណងសំខាន់ ២
- 2019-06-13 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ដឹកនាំជម្រើសជាតិកម្ពុជា ដើម្បីសម្រេចគោលបំណងសំខាន់ ២
ចន្លោះមិនឃើញ
Keisuke Honda ធ្លាប់ប្រាប់ថា លោកមានគោលបំណង ២ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺទី១ ដើម្បីបង្កើតរបៀបលេងដ៏ច្បាស់លាស់មួយ និងទី២ ចង់ផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ លោកថ្លែងយ៉ាងដូច្នេះ ពេលក្លាយជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៨។
«អ្វីដែលជាគោលបំណងរបស់ខ្ញុំ គឺចង់បង្កើត Style លេងឲ្យបានច្បាស់លាស់ដល់កម្ពុជា។ ខ្ញុំទទួលស្គាល់ថា សូម្បីនៅជប៉ុនក៏មានលំបាកនៅឡើយដែរ តែយើងត្រូវធ្វើឲ្យមានគោលបំណងតែមួយ។ បេសកកម្មទី២ គឺ គោលដៅមិនមែនដើម្បីតែបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺចង់ផ្សព្វផ្សាយអ្វីល្អៗរបស់កម្ពុជាដែរ។ ខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលខ្ញុំចាប់អារម្មណ៍ អ្វីៗល្អច្រើន ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និងកសិកម្ម ទៅកាន់ពិភពលោក»។
គោលបំណងរបស់លោក ហាក់លេចចេញបណ្ដើរៗហើយ ដោយសារសារព័ត៌មានអន្តរជាតិនានា បានចុះផ្សាយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលធ្វើឲ្យគេស្គាល់បាល់ទាត់កម្ពុជាកាន់តែច្បាស់ ចំណែកលទ្ធផលប្រកួតកាលពីពេលថ្មីៗនេះ ក៏ល្អផងដែរ។
ក្រៅពី ២ ចំណុចខាងលើ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិជប៉ុនរូបនេះ ក៏បានបញ្ជាក់ដែរថា លោកនឹងជំរុញឲ្យយុវជន មានសេចក្ដីក្លាហាន និងផ្ដល់កម្លាំងចិត្តឲ្យពួកគេតាមរយៈបាល់ទាត់ ដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាងដល់ពួកគេ។ ទាំងនេះ ជាអ្វីដែលលោកចង់ឃើញ មុនពេលលោកបញ្ចប់ភារកិច្ចពីកម្ពុជា។
គួររំលឹកផងដែរថា Keisuke Honda បានក្លាយជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨។ លោកបានដឹកនាំកម្ពុជា ឲ្យឆ្លងផុតវគ្គជម្រុះបឋមតំបន់អាស៊ី នៃ FIFA World Cup 2022 ដោយយកឈ្នះប៉ាគិស្ថាន ៤-១ (សរុបទាំង២ជើង)៕