ក្រសួងនឹងប្រគល់សិទ្ធិគ្រប់គ្រងបទ «ដំបៅដួងចិត្ត» «ស្រណោះភ្លៀង» និង ២៨បទទៀត ជូនលោក ឯល ប៊ុនណា
- 2019-06-17 08:55:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងនឹងប្រគល់សិទ្ធិគ្រប់គ្រងបទ «ដំបៅដួងចិត្ត» «ស្រណោះភ្លៀង» និង ២៨បទទៀត ជូនលោក ឯល ប៊ុនណា
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៣០បទ ដែលក្នុងនោះរួមមានទាំងបទដ៏ល្បី២បទគឺ «ដំបៅដួងចិត្ត» និង «ស្រណោះភ្លៀង» ជូនលោក ឯល ប៊ុនណា តាមសំណើនាពេលខាងមុខ។ នេះបើតាមសេចក្តីជូនដំនឹងរបស់ក្រសួងវប្បធម៌ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងសេចក្តីជូនដំណឹងនេះបញ្ជាក់ថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីអ្នកនិពន្ធ លោក ឯល ប៊ុនណា។ ឆ្លងតាមការស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ២៨បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក ឯល ប៊ុនណា និង២បទទៀតជាស្នាដៃសហអ្នកនិពន្ធ សហការជាមួយអ្នកនិពន្ធទំនុកច្រៀង ហើយបានផ្ទេរសិទ្ធិជូនរូបលោកជាតំណាង។
ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសជូនដំណឹងដែរថា រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ គឺអាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់មានសុពលភាពរយៈពេល ១ខែគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕