កម្ពុជា-ចិន ចុះ​កិច្ចសន្យា​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ

  • 2019-06-20 08:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីជួយ​ដល់​ប្រជាកសិករ ធុរជន និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ព្រម​ទាំង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើការ​ជំរុញ​នាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច ១លាន​តោន​ក្នុងមួយ​ឆ្នាំ ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន​ហ្គ្រីនត្រេដ ជា​សេនាធិការ បាន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ នៅក្រោម​ក្របខណ្ឌ​ឥណទាន​សម្បទាន ផ្តល់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ពិធីចុះកិច្ច​សន្យា បាន​ធ្វើឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ព្រឹកថ្ងៃ​២០ ខែ​មិថុនា ឆ្នាំ​២០១៩ រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេស​ចិន ក្រោម​អធិបតី​ភាព លោក​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្រោម​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ ក្រុមហ៊ុន CITIC Construction Co., Ltd និង​ក្រុមហ៊ុន​ហ្គ្រីនត្រេដ នឹង​សហការ​សាងសង់​ឃ្លាំង​ចំនួន ១២​កន្លែង ដែលមាន​សមត្ថភាព​ស្តុក​ស្រូវ-អង្ករ​សរុប ៨២៧ពាន់​តោន និង​ឡសម្ងួត​ចំនួន ១០​កន្លែង ដែលមាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ១៣ពាន់​តោន ក្នុង​មួយថ្ងៃ នៅក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។

តាមរយៈ​ការ​សាងសង់​ឃ្លាំងស្ដុក និង​ឡសម្ងួត​ស្រូវ នៅតាម​ទីតាំង​យុទ្ធសាស្ត្រ​ទាំងអស់​នេះ និងការ​ដាក់ឲ្យ​អនុវត្ត​យន្ដការ​ស្រូវ​អង្ករ​ស្ដុក​ក្នុងឃ្លាំង ធ្វើជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចី​ប្រាក់​ពី​ធនាគារ​ឯកជន ឬ​ហៅថា​ប្រតិបត្តិការ​ដែលមាន​កិច្ចធានា នឹង​ជួយ​ទប់ស្កាត់​សកម្មភាព​ទិញ/លក់បង្ខូច​ថ្លៃស្រូវ​របស់​ឈ្មួញ​ទុច្ចរិត និង​ផ្តល់​ឱ្យប្រជាកសិករ អាច​រក្សាទុក​ស្រូវ​បានយូរ ដើម្បី​លក់​តាម​តម្លៃ​សមរម្យ ក៏ដូចជា​លទ្ធភាព​ទទួល​បាន​ឥណទាន នៅពេល​ត្រូវការ​ចាំបាច់។

សូម​ជម្រាប​ដែរថា គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ​នេះ មិនមាន​បម្រើ​សេវា​កិនស្រូវ​ទេ ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ប្រកួត​ប្រជែង ជាមួយ​រោង​ម៉ាស៊ីន​កិនស្រូវ​ក្នុងស្រុក៕

អត្ថបទ​និងរូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;