ទុរេន​​​សំឡូត បាត់ដំបង រសជាតិផ្អែម​ឆ្ងាញ់ បាន​ផល​ច្រើន និង​មាន​តម្លៃ​ខ្ពស់​ជាងឆ្នាំមុន

  • 2019-06-21 02:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទុរេន​នៅស្រុកសំឡូត ​ខេត្ត​បាត់​ដំបង ​ក៏​មាន​រស​ជាតិ​ឆ្ងាញ់ មិន​ចាញ់​ទុរេន​​ខេត្ត​កំពត​ ដែល​គេ​ល្បី​នោះទេ។​​ ស្រុក​សំឡូត​ជា​ស្រុក​មួយ​ ក្នុង​ចំណោម​ក្រុង​-ស្រុក​ ទាំង​១៤ របស់​ខេត្ត​បាត់​ដំបង ​ដោយ​ទីតាំង​នេះ​ គឺ​ជា​តំបន់​អតីត​សមរភូមិ​ដ៏​ក្ដៅ​រវាង​កងទ័ព​រដ្ឋ​កម្ពុជា​ និង​កង​ទ័ព​ខ្មែរ​ក្រហម ​ដែល​ផ្ទៃ​ដី​ជាច្រើន​ហិច​តា​​ ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​មីន​ ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ហើយ​ភូមិសាស្ត្រ​នេះ ​ក៏​ត្រូវ​បាន​សមាហរណកម្ម​ ក្រោយ​គេ​ផង​ដែរ។​

​ដី​ស្រុក​សំឡូត ​​មាន​ជីវជាតិ​ល្អ ​បើ​ធៀប​នឹង​ដី​នៅ​តាម​តំបន់​ផ្សេង​ទៀត​ ក្នុង​ខេត្ត​បាត់ដំបង​។ ​ដោយ​មិន​អាច​ចាកចេញ​ពី​ភូមិ​ករបស់​ខ្លួន ​និង​មាន​កង​កម្លាំង​ស៊ីម៉ាក់​ និង​អង្គការ​បោស​សំអាត​មីន​មួយ​ចំនួន ​មក​ដោះ​មីន​ជា​បន្ត​បន្ទាប់​ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ ក្នុង​ស្រុក​ដ៏​ដាច់​ស្រយាល​មួយ​នេះ​ បាន​ពុះពារ​នាំ​គ្នា​ដាំ​ដំ​ណាំ​​យ៉ាង​សម្បូរ​បែប​ ពិសេស​ គឺ​ដំណាំ​ទុរេន​ ដែល​មាន​រសជាតិ​ឆ្ងាញ់ ​មាន​ភាព​ល្បី​ល្បាញ​ ក្នុង​ប្រទេស​ ពេល​បរិភោគ​ទៅ​មាន​ការ​ជាប់​ចិត្ត​ ​ហើយ​ចង់​បរិភោគ​ម្ដង​ទៀត​ មិន​ចាញ់​ទុរេន​​ខេត្ត​កំពត ​ប៉ុន្មាន​នោះ​ទេ​ ។ សម្រាប់​ប្រភេទ​ទុរេន​​​ ដែល​ពលរដ្ឋ​នៅ​ស្រុក​សំឡូត​ដាំ ​មាន​ប្រភេទ ​ឈុន​លី ​ម៉ានថង់​ ទុរេន​​ ដូនតា​ ភូមិ​លី​ជា​ដើម​ ។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ​សូត្រ ​សុផាត ​រស់​នៅ​ភូមិ​កណ្ដាល ឃុំ​ស៊ុង ​ស្រុក​សំឡូត ​បាន​ដំណាល​ថា​ និយាយ​ពី​ដំណាំ​ទុរេន​​នៅ​ ក្នុង​ស្រុក​សំឡូត ​គឺ​ត្រូវ​បាន​ដាំ​តាំង​ពី​មុន​សម័យ​ខ្មែរ​ក្រហម​មក​ម្ល៉េះ​ ដែល​ពេល​នោះ​ភាគ​ច្រើន​ដាំ​ នៅ​ក្នុង​ទឹក​ដី​សំឡូត​ចាស់ ​ហើយ​ក្រោយ​មក​ក៏​មាន​ពលរដ្ឋ​នៅ​ក្នុង​ទឹក​ដី​សំឡូត​ថ្មី ​ចាប់​ផ្ដើម​ដាំ​ជា​បន្ត​បន្ទាប់​ ​។​

កសិករ​រូប​នេះ​បន្ថែម​ថា ​គាត់​បាន​ដាំ​ទុរេន​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ដាំ​ឲ្យ​គេ​ ដោយ​ចាប់​ផ្ដើម​ដាំ​ខ្លួន​ឯង​ទើប​បាន​ជាង​ ១០​ឆ្នាំ ​ដោយ​ការ​ដាំ​នេះ​ មិន​មាន​រៀន​អ្វី ​ពី​អ្នក​ជំនាញ​ច្បាស់​លាស់​នោះ​ទេ​ រៀន​តាម​សៀវភៅ​កសិករ​ មាន​អង្គការ​មួយ​ប្រគល់​ឲ្យ​ ដែល​ប្រាប់​ពី​របៀប​ដាំ​​ទុរេន​ ហើយ​ការ​អនុវត្ត​តាម​សៀវភៅ​នោះ​ ក៏​បាន​ទទួល​ផល​ជា​បណ្ដើរ​ៗ​ និង​បន្ត​បន្ទាប់​រហូត​មក​​។

ចំណែក​កសិករ​ម្នាក់​ទៀត​ឈ្មោះ ​ហួត សុខុម បាន​ឲ្យ​ដឹង​ថា ​គាត់​បាន​ដាំ​ទុរេន​ជិត ​៨​ឆ្នាំ​មក​ហើយ​ នៅ​លើ​ផ្ទៃ​ជិត​៤​រ៉ៃ ​ស្មើ​នឹង​ទុរេន ​ជាង​ ១៤០​ដើម​ ហើយ​ទុរេន​របស់​លោក​បាន​ឲ្យ​ផល​ចំនួន​៣​ឆ្នាំ​ ដោយ​ឆ្នាំ​នេះ​ទុរេន ​ឲ្យ​ផល​ច្រើន​ជាង​រាល់​ឆ្នាំ​ ​គឺ​មាន​ទិន្នផល​ប្រមាណ​ជាង​​៣​តោន​ ​ហើយ​ក៏​លក់​បាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​ គឺ​មួយ​គីឡូ​ក្រាម​តម្លៃ​ចាប់​ពី​ ១៥ ០០០រៀល​ទៅ ​១៦ ០០០រៀល ​ខណៈ​ឆ្នាំ​មុន​ ក្នុង​មួយ​គីឡូក្រាម​ កាត់​ដល់​ចម្ការ​ដូច​គ្នា​ ត្រឹមតែ ១​២ ០០០​រៀល ​ហើយ​សម្រាប់​ចម្ការ​ខ្លះ​ ដែល​មាន​ដើម​ធំ​ៗ ​និង​អាយុ​កាល​យូរ មាន​ផ្លែ​ច្រើន​ ដោយ​ក្នុង​មួយ​ដើម​អាច​លក់​បាន​ប្រាក់​ដល់​ជាង​ ១ពាន់​ដុល្លារ​ក៏​មាន​​។​

លោក​បាន​បន្ថែម​ទៀត​ថា ​សម្រាប់​ទីផ្សារ​ទុរេន ​របស់​គាត់ ​មាន​ឈ្មួញ​កណ្ដាល​មក​ទិញ ​មាន​មក​ពី​រាជធានី​ភ្នំពេញ​ ក្រុង​បាត់​ដំបង​ ​និង​ខេត្ត​សៀមរាប​ មាន​ចំនួន​ប៉ុន្មាន​ គឺ​ត្រូវ​ពួក​គេ​ទិញ​យក​អស់​ៗ ​មិន​មាន​សល់​​នោះ​ទេ ​ដែល​ពេល​ឈ្មួញ​ទិញ​ទៅ​លក់​បន្ត​ ​មាន​អ្នក​ត្រូវ​ការ​ច្រើន ​ហើយ​អាច​លក់​បាន​តម្លៃ​​ ២ ២០០០​រៀល ​និង​ ២៥ ០០០​រៀល​ ឬ​លើស​នឹង​ក៏​មាន​​។ ​

លោក ហួត សុខុម ​បាន​ឱ្យ​ដឹង​ទៀត​​ថា ​ដោយ​មើល​ឃើញ​ពី​ទីផ្សារ​ល្អ​របស់​ទុរេន​នេះ​ លោក​បាន​បង្កើន​ការ​ដាំ​បន្ថែម​ទៀត ​លើ​ផ្ទៃ​ដី​ជាង​៥​ហិកតា ​ស្មើ​នឹង​ដើម​ទុរេន​ជាង ​១ ០០០​ដើម ​ហើយ​ក៏​មាន​ដាំ​សាវ​ម៉ាវ​ផង​ដែរ​ ​។​ ក្រុម​កសិករ​ដាំ​ទុរេន​ ​បាន​អំពាវ​នាវ​ដល់​មន្ត្រី​ជំនាញ ​ជួយ​រក​វិធីសាស្ត្រ​បង្ការ​ជំងឺ​របស់​ទុរេន​​របស់​ពួក​គាត់​ផង​ នៅ​ពេល​ជួប​បញ្ហា ​ដែល​ពួក​គាត់​មិន​អាច​រក​ថ្នាំ​​ព្យាបាល​បាន​ ​បើ​សិន​វា​ងាប់​ដើម​ ​គឺ​មាន​ការ​ស្ដាយ ព្រោះ​ដំណាំ​ទុរេន​​ពិបាក​ថែ​ទាំ​ទម្រាំ​ធំ​ល្អ ​ហើយ​ក៏​ស្នើ​ឲ្យ​មាន​ការ​ស្ដារ​ប្រឡាយ​ ​នៅ​តំបន់​ដាំ​ទុរេន​​នេះ ​ព្រោះ​ថា​ បច្ចុប្បន្ន​ អូរ​ដែល​យក​ទឹក​មក​ប្រើ​ប្រាស់​សម្រាប់​ស្រោច​ស្រព​ទុរេន​​កំពុង​រាក់ ​អាច​ពេល​មាន​អ្នក​ដាំ​កាន់​តែ​ច្រើន​ ​និង​ខ្វះ​ទឹក​ប្រើ​ជា​មិន​ខាន​ ។

អ្នកទេសចរ​ជាច្រើន​ ដែល​បាន​ទៅ​លេង​ក្នុង​ចម្ការ​ទុរេន​​ នៅ​ស្រុក​សំឡូត ​ហើយ​បាន​ភ្លក់​ផ្លែ​ទុរេន​​នៅ​សំឡូត​ បាន​លើក​ឡើង​ថា ​ទុរេន​​សំឡូត​មាន​រស់​ជាតិ​ឆ្ងាញ់​ ​បើ​ធៀប​នឹង​រស់​ជាតិ​ទុរេន​​ដាំ​នៅ​កន្លែង​ផ្សេង​ ដែល​គាត់​ធ្លាប់​បាន​បរិភោគ ​ព្រោះ​ថា​ទុរេន​​សំឡូត​មាន​រស់​ជាតិ​ផ្អែម​ខ្ទិះ​ប្លែក​ ហើយ​ពួក​គាត់​ជំរុញ​ដល់​កសិករ​ នៅ​ស្រុក​សំឡូត​បន្ត​ដាំ​ទុរេន​​ទៀត ​ព្រោះ​ស្ថាន​ភាព​ដី​ល្អ​ ​សាក​សម​នឹង​ដំណាំ​ប្រភេទ​នេះ។

ស្រុក​សំឡូត​ជា​តំបន់​ខ្ពង់​រាប ​មិន​សូវ​មាន​អ្នក​ធ្វើ​ស្រែ​នោះ​ទេ ​ដោយ​ភាគ​ច្រើន​ធ្វើ​ចម្ការ​ ហើយ​ពលរដ្ឋ​ក្នុង​ស្រុក​មួយ​នេះ ​បាន​ដាំ​ដំណាំ​​ទុរេន​​ប្រមាណ​ជិត ​១ ០០០​ហិចតា ​​ក្រៅ​ពី​នេះ​មាន​​ ម្រេច ​ចេក ​អំពៅ ម្នាស់ ​កៅស៊ូ ​ស្វាយ សាវ​ម៉ៅ ​មៀន ​តាង៉ែន​ មង្ឃុត​ ល្មុត ​ ក្រូច ស្វាយ​ ចន្ទី ​ពោត ​ដំឡូង​មី ​ល្ង​ ​សណ្ដែក​បាយ ​សណ្ដែក​ដី​ និង​បន្លែ​ជា​ច្រើន​ប្រភេទ​ទៀត ​ហើយ​ការ​ដាំ​ដំ​ណាំ​ទាំង​អស់​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​ជីវភាព ​អ្នក​នៅ​តំបន់​នោះ​មាន​ភាព​ធូរធារ​ទៀត​ផង​​៕

អត្ថបទ៖ សុផល

អត្ថបទថ្មី
;