សម្តេច ហ៊ុន សែន៖ កម្ពុជាគោរព​តាមគោលការណ៍ និង​កាតព្វកិច្ច​ ក្នុងនាម​ជាសមាជិក​អាស៊ាន ២០ឆ្នាំមកនេះ

  • 2019-06-23 05:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ឆ្នាំនេះ​គឺជាខួប​២០ឆ្នាំ​ដែលកម្ពុជា​ចូលជា​សមាជិក​អាស៊ាន ហើយ​កន្លងមក​នេះ កម្ពុជា​ក៏បាន​គោរព​ទៅតាម​គោលការណ៍ និងកាតព្វកិច្ច​របស់ខ្លួន​ក្នុងការ​ចូលរួម​ជាសមាជិក​អាស៊ាន​នេះ ពិសេស​ការចូលរួម​ថែរក្សា​សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពេល​ដែលសម្តេច ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣៤ នៅក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បន្ត​ថា ក្នុងអាណត្តិនេះ ​មជ្ឈមណ្ឌលកម្ចាត់​មីន​តំបន់​អាស៊ាន​នឹងមានទីតាំង​នៅក្នុង​ប្រទេសកម្ពុជា ដែលមាន​ការជួយពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដោយ​បានដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​អាស៊ាន។

សូម​ជម្រាប​ថា ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​បានផ្តោត​ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ស្នូល​របស់​អាស៊ាន ការពង្រឹង​កសាង​សមត្ថភាព​របស់​អាស៊ាន ជាពិសេស​ការចូលរួម​កាត់បន្ថយ​គម្លាត​នៃការ​អភិវឌ្ឍ​អាស៊ាន​ក្នុងការ​ពង្រឹង​នៃការ​ធ្វើពាណិជ្ជកម្ម​ផ្ទៃក្នុង​អាស៊ាន ដើម្បី​ធ្វើយ៉ាងណា​ជំរុញឲ្យ​អាស៊ាន​ឆ្លើយតប​ទៅនឹង​ការប្រឈម​នៃគ្រោះមហន្តរាយ​ ដោយការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​នៃសំរាម​ ដែលបច្ចុប្បន្ននេះកំពុង​តែរាតត្បាត​នៅ​តាមឆ្នេរកោះ​នៃប្រទេស​សមាជិក​អាស៊ាន។

ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បានផ្លាស់ប្ដូរ​មតិ​យោបល់​ពិភាក្សា​លើ​បញ្ហា​ប្រឈម​លើការគ្រប់គ្រង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​​ក៏បាន​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​អាស៊ាន​ ដើរតួនាទី​សំខាន់​ក្នុង​យន្តការ​សាមគ្គីភាព ការតភ្ជាប់​អាស៊ាន ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដើម្បី​ឱ្យអាស៊ាន​ឆ្លើយតប​នឹងអ្វី​ដែល​អាស៊ាន​កំពុងតែ​កសាង​សហគមន៍​នេះ។ លើសពីនេះ ក្នុង​កិច្ចប្រជុំ​ មេដឹកនាំ​អាស៊ាន​ក៏បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យអាស៊ាន​បន្តនូវ​ភាពខ្លាំង​របស់​ខ្លួន ហើយក៏​បានឯកភាព​ទៅលើ​ប្រធានបទ​ដែលដាក់​ចេញដោយ​ប្រធាន​អាស៊ាន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;