អ្នក​ជំនាញ​ខ្មែរ ចែក​រំលែក​ចំណេះដឹង​ដល់អ្នក​ជំនាញ​ថៃ អំពី​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋបុរាណ

  • 2019-06-25 03:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួនបីរូប​នៃនាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរជាតិ​អប្សរា ត្រូវ​បាន​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីអំពី «ការស្វែងយល់​អំពី​បច្ចេកទេស​បុរាណ និងការ​ប្រើ​សម្ភារៈ​បុរាណ ដើម្បី​ជួសជុល​ប្រាសាទឥដ្ឋ​នៅ​តំបន់​អង្គរ» នៅខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី១៧ ដល់ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ២០១៩កន្លង​មក​នេះ។

ក្នុង​សិក្ខាសាលា​នេះ អ្នក​ជំនាញ​ខ្មែរ​ទាំងបី​រួមមាន៖ លោក លី វណ្ណា បុរាណវិទូ និងជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យានអង្គរ និង​បុរាណ​វិទ្យា​បង្ការ លោក តាន់ សុផល អ្នក​អភិរក្ស​ឥដ្ឋ និងលោក ហួន សុខជាតិ វិស្វករ បាន​ចែក​រំលែក​បទ​ពិសោធន៍ ចំណេះដឹង​អំពីបច្ចេកទេស​បុរាណ​ និងការ​ប្រើសម្ភារៈ​បុរាណ​ដើម្បី​ជួសជុល​ប្រាសាទ​បុរាណ​សាងអំពី​ឥដ្ឋ​ដល់អ្នក​ជំនាញថៃ​ជាង ៣០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌ មកពី​ការិយាល័យ​ប្រចាំ​តំបន់​ទូទាំង​ប្រទេស​នៃ​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ។

លោក លី វណ្ណា បានឱ្យដឹង​ថា «សិក្ខាសាលា​នេះ​គឺ​ផ្តើមចេញពី​ការ​យល់ឃើញ​ថា ដើម្បី​អភិរក្ស និង​ជួសជុល​ប្រាសាទ​មួយ​ឱ្យរក្សា​បាននូវ​តម្លៃដើម យើង​ត្រូវប្រើ​បច្ចេកទេស​បុរាណ និង​សម្ភារៈបុរាណ​គួបផ្សំ​ជាមួយនឹង​តម្រូវការ​ក្នុងពេល​ចាំបាច់​នៃការ​ប្រើបច្ចេកទេស និង​សម្ភារៈ​ទំនើប​ដែល​មិនប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​បុរាណ​របស់​ប្រាសាទ។ នេះ​ក៏ដោយ​សារ​កន្លង​មក ការជួសជុល​ប្រាសាទ​ឥដ្ឋ​នៅប្រទេសថៃ ប្រើបាយអរ​ដែលជា​ល្បាយ​បានមកពី​ការលាយបញ្ចូលគ្នា​នៃខ្សាច់ កំបោរ និង​ស៊ីម៉ងតិ៍​ផតឡែន​ដ៍ពណ៌ស​ដើម្បី​បិទ បៀក និង​ភ្ជាប់​ឥដ្ឋ។ ការប្រើ​ប្រភេទ​ល្បាយ​ស៊ីម៉ងតិ៍​ដូចនេះ មិនត្រូវគ្នា​ជាមួយ​ឥដ្ឋបុរាណ​ឡើយ ដោយសារ​សម្ភារៈ​សំណង់​ទាំងពីរ​ប្រភេទនេះ​ មានលក្ខណៈ​រឹងមាំ​ខុសគ្នា​ខ្លាំង ម៉្យាងទៀត​ស៊ីម៉ងតិ៍​អាចនាំ​មកនូវការ​កកើត​អំបិល​បំផ្លាញដល់​ឥដ្ឋបុរាណ​នៃ​ប្រាសាទ»។

លោក​បុរាណ​វិទូរូបនេះ​បន្តថា កត្តា​នេះ​ហើយ​ដែលនាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃប្រទេសថៃ​មានកង្វល់​យ៉ាងខ្លាំង​អំពី​បញ្ហា​នៃការ​ប្រើ​ស៊ីម៉ងតិ៍ ហើយ​ក៏ងាក​មកគិត​អំពីការ​រិះរកមធ្យោបាយ​ប្រើបច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាមបែបបុរាណ និង​ប្រើបាយ​អរ​បុរាណ។ល។ ទើបនាយកដ្ឋាន​វិចិត្រសិល្បៈ​នៃប្រទេសថៃ​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​នេះឡើង ដើម្បីយក​បច្ចេកទេស​បុរាណនេះ ទៅអនុវត្ត​នៅក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ខាវលួន ដែលជា​ប្រាសាទឥដ្ឋមួយ​មិនទាន់ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់ ស្ថិតនៅក្នុង​ស្រុកតា​ប្រាយ៉ា នៃខេត្តស្រះកែវ។

សូមបញ្ជាក់​ថា នេះជា​លើកទី១​ហើយ​ដែលអ្នក​ជំនាញ​អភិរក្ស​ប្រាសាទ​បុរាណខ្មែរ បាន​បំពេញ​បេសកកម្ម​ជាប្រវត្តិសាស្រ្ត​លើកដំបូង និងជាទី​មោទនភាព​សម្រាប់​ប្រទេស​​កម្ពុជា ដែលមាន​ធនធានមនុស្ស​ដ៏មាន​សមត្ថភាព​ក្នុងការ​ផ្តល់​នូវចំណេះ​ដឹង បទពិសោធន៍​អំពីការ​ជួសជុល​ប្រាសាទឥដ្ឋ​ក្នុង​តំបន់​អង្គរ ទៅកាន់​អន្តរជាតិ៕

អត្ថបទ និងរូបថត៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;