លោក នេត សាវឿន៖ នគរបាល​ដែល​បាញ់រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវតែ​បញ្ជូន​ទៅ​តុលាការ

  • 2019-06-25 04:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ] នាព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩នេះ​ថា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​ដែល​បាញ់រះ​ចូលផ្ទះ​ប្រជាពលរដ្ឋ កាលពី​យប់ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្នុង​ខណ្ឌ​សែនសុខ ត្រូវតែ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់។

លោក នេត សាវឿន ថ្លែងនាពេលកន្លងមក
ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ ០១​នាក់ ជា​មន្ត្រី​នគរបាល បាញ់រះ​ចូលផ្ទះ​បោកអ៊ុត​ប៉ុនប៉ង​មនុស្ស​ឃាត នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវ​បេតុង ភូមិផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅថ្ងៃ​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​៣៥នាទី​យប់។

ជនសង្ស័យ ០១​នាក់ ឈ្មោះ បេង សុវណ្ណារ៉ា ភេទប្រុស​អាយុ ៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ក៤ ស្នាក់​នៅផ្ទះ​លេខ៤៨ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ (គ្មាន​សារធាតុ​ញៀន) ។

ជនរងគ្រោះ ០១​នាក់ ឈ្មោះ សុង សូណា ភេទ​ស្រី អាយុ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ស្នាក់នៅផ្ទះជួល​លេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ។

សម្ភារ:ខូចខាត ៖ ធ្លុះការ៉ូ , ធ្លុះទ្វារកញ្ចក់ , ធ្លុះពិដាន និង​ធ្លុះកញ្ចក់​បង្អួច​ឡៅតឿ ។

សម្ភារៈ​បន្សល់ទុក ៖ អាកា​ស្វាយបត់ ០១ដើម លេខ១៦២០៤៦១ , បង់០១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១ , ក្បាលគ្រាប់០២ , រថយន្ត០១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ2AX-9509 ។

ដំណើររឿង ៖ មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងដេក​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ស្រាប់តែឭ​សំឡេង​ផ្ទុះ​គ្រាប់​កាំភ្លើង ចូលក្នុង​ផ្ទះ​ជួល​របស់​ខ្លួន​ជាច្រើន​គ្រាប់ រួចជន​សង្ស័យ​បាន​បើកឡាន​គេចខ្លួន​ទៅបាត់។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែនសុខ បាន​ចុះដល់​ចំណុច​កើតហេតុ ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព កំណត់​បាន​ភិនភាគ​ជនសង្ស័យ និងបាន​ឈានទៅធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យរួម​ទាំងវត្ថុតាង នៅក្នុង​ផ្ទះ​របស់ខ្លួន​លេខ៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ យកមក​ធ្វើការ​សាកសួរ​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ដើម្បី​អនុវត្ត​តាម​និតិវិធីច្បាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;