លោក សៅ សុខា បង្កើត​ក្រុមការងារ​ចុះត្រួតពិនិត្យ​ធ្វើតេស្ត​រកសារធាតុញៀន​ដល់​ប៉េអឹម​ខេត្តរតនគីរី

  • 2019-06-25 06:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស បាន​ចេញ​សេចក្តី​សម្រេច​ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​ចុះត្រួតពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដល់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថខេត្ត​រតនគីរី។ នេះបើ​យោងតាម​សេចក្តី​សម្រេច​ចុះថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៩ ដែល​ទើប​ទទួល​បាន។

រូបថត៖ ផ្តល់ឱ្យ
ការបង្កើត​ក្រុម​ការងារ​នេះ គឺ​បន្ទាប់ពី​មាន​លេចឮ​ព័ត៌មាន​ថា មាន​អាវុធហត្ថខេត្តរតនគីរី​ប្រើប្រាស់គ្រឿងញៀន ឬមួយ​ចែកចាយ។

សមាសភាព​ក្រុមការងារ​ចុះត្រួតពិនិត្យ​ធ្វើតេស្ត​សារធាតុ​ញៀន​ដល់​នាយ​ទាហាន នាយ​ទាហាន​រង និងពលទាហាន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី មាន​ចំនួន ០៩​រូប ក្នុងនោះ​មានប្រធាន​មួយរូប អនុប្រធាន​មួយរូប និង​សមាជិក​ចំនួន ០៧​រូប។

យោងតាម​សេចក្តី​សម្រេច​បានឲ្យដឹង​ថា លោក​ឧត្តមសេនីយ៍​ទោ ណឹម សុវិសាល នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ជា​ប្រធាន។ លោក​ឧត្តមសេនីយ៍​ត្រី សូរ សារិន ស្នងការ​រង​ស្នងការដ្ឋាន​យុត្តិធម៌ជា អនុប្រធាន។

ចំណែក​សមាជិក​ចំនួន ០៧រូប រួម​មាន៖ លោក​ឧត្តមសេនីយ៍​ត្រី ព្រហ្ម ច័ន្ទឫទ្ធី នាយរង​ការិយាល័យ​បុគ្គលិក។ លោក ហ៊ួរ ចាន់ពៅ នាយ​ការិយាល័យ​សុខា​ភិបាល។ លោក កាន់ វុឌ្ឍី នាយ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ឧក្រិដ្ឋ។ លោក សៅ ចន្ទគ្រឹស្នា នាយ​ការិយាល័យ​អធិការ​កិច្ច​ស្តីទី។ លោក យិន វាសនា នាយផ្នែក​ការិយាល័យ​ស្រាវជ្រាវ​បទល្នើស​ឧក្រិដ្ឋ។ លោក តុប រស្មី ជំនួយ​ការ​ការិយាល័យ​អធិការកិច្ច។ លោក ហ៊ល តាន់ហំ ជំនួយ​ការ​ការិយាល័យ​សុខាភិបាល។

នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជាក់​ថា ក្រុម​ការងារ​មាន​ភារកិច្ច ត្រួតពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដល់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន ដែលមាន​ការពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​ញៀន នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី។ ក្រុមការងារ​មានសិទ្ធិ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ ស្ថាប័ន និងអង្គភាព​ដែលមាន​ការ​ពាក់ព័ន្ធ ។ ចេញលិខិត​អញ្ជើញ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងពល​ហត្ថ​ខេត្ត​រតនគិរី ដែលមាន​ការ​ពាក់ព័ន្ធ​មកត្រួតពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដើម្បី​ស្រាវជ្រាវ​រកឱ្យឃើញ​ការ​ពិត​ជាក់ស្ដែង។ បូកសរុប​លទ្ធផល​ការងារ​ធ្វើ​របាយការណ៍​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស និង​ក្រុមប្រឹក្សា​វិន័យ​ដើម្បី​ពិនិត្យ​សម្រេច។

ចំណែក​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​បានថ្លែងប្រាប់ [ខ្លីៗ] កាលពីល្ងាច​ថ្ងៃទី២៤ ខែ​មិថុនា​ថា ការបង្កើត​ក្រុមការងារ​ចុះត្រួតពិនិត្យ​ធ្វើតេស្ត​សារធាតុញៀន​ដល់នាយ​ទាហាន នាយ​ទាហានរង និងពល​ទាហាន​នៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​រតនគីរី គឺដោយសារ​ឮថា មាន​ព័ត៌មាន​អាវុធហត្ថ​ខេត្ត​រតនគីរី​ប្រើប្រាស់​គ្រឿងញៀន ឬមួយ​ចែកចាយ គឺ​ត្រូវតែ​បញ្ជាក់​ជាមួយ​ព័ត៌មាន​នឹង​ឲ្យច្បាស់។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា៖ «ព័ត៌មាន​នេះ គឹគេថា​អាវុធហត្ថ​មានការ​ពាក់ព័ន្ធ អ៊ីចឹង​យើង​ធ្វើតេស្ត​ឲ្យវាកាន់​តែ​សុក្រិត្យ តើមាន​អត់? បើមាន​យើងត្រូវតែស្នើសុំ​ឈ្មោះ​កាត់ចោល លុបឈ្មោះ​ចោល ចេញពី​បញ្ជី​គ្រប់គ្រង​របស់​អាវុធ​ហត្ថ។ ក្រុមការងារ​បាន​ចុះ​ទៅធ្វើការងារ​នេះហើយ ប៉ុន្តែ​លទ្ធផល​នៅមិនទាន់ដឹង​នៅឡើយទេ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;