ក្រុមហ៊ុន​ជប៉ុន វិនិយោគជាង ៧​លានដុល្លារ​សាងសង់​កន្រ្តក​វិល​លំដាប់​អន្តរជាតិ​នៅ​សៀមរាប

  • 2019-07-01 04:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​បើក​ការដ្ឋាន​សាងសង់​កន្រ្តក​វិល​ជាផ្លូវការ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណផ្សារ Box Vill នៅ​ភូមិគ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៩។ នេះបើតាម​ការចុះផ្សាយ​របស់ AKP។

លោក ថាកិយូសិ សិណុមីយា (Taheyoshi Shinomiya) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អង្គរ អាយ ខមភេនី លីមីធីត បានថ្លែង​ថា ក្រុមហ៊ុន Angkor Eyeគឺជា​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​សារជីវកម្ម​ក្នុងប្រទេស​កម្ពុជា ដោយ​ធ្វើការវិនិយោគ​ទឹកប្រាក់​ចំនួន ៧,២លាន​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​កន្រ្តក​វិល​ដ៏ថ្មី​មួយ​នេះ​នៅក្នុងក្រុង​សៀមរាប។

រូបថត៖ រដ្ឋបាលខេត្តសៀមរាប
លោក​បាន​បន្ដថា កន្លងមក​ ក្រុមហ៊ុន Angkor Eye បាន​ចាប់ដៃគូ​ធុរកិច្ច​ខាងសាងសង់​សួន​កម្សាន្តក្នុ​ង ប្រទេស​ជប៉ុន និង​ផ្តល់​សេវា​ដំណោះ​ស្រាយ​ការ​កម្សាន្ត កន្លែង​កម្សាន្ត​ធំៗ និង​ផ្សារ​ទំនើប​ធំៗ។ ថ្មីៗ​នេះ ដោយមាន​កំណើន​តម្រូវការ​ឧបករណ៍ និង​សួន​កម្សាន្ត​តាម​បែប​វិស្វកម្ម និង​ស្តង់ដារ​ជប៉ុន​ ដែលមាន​គុណភាព​ខ្ពស់​ ក្រុមហ៊ុន​របស់​លោក បាន​ពង្រីក​ខ្លួនទៅ​ជាអ្នកនាំចេញ​កន្រ្តកវិល និង​ឧបករណ៍​ជំនាញផ្សេងៗទៀត​ជាច្រើន ហើយ​មកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មានកន្ត្រក​វិលដ៏ទាក់ទាញ​ចំនួន១៣​កន្លែង ស្ថិតនៅជុំវិញ​ពិភពលោក។ ចំណែកគម្រោង​កន្រ្ដកវិល Angkor Eye នៅក្នុង​ក្រុងសៀមរាបនេះ ជាគម្រោង​ទី១៤ របស់​ក្រុម​ហ៊ុន។

លោក ម៉េង ហៀង អគ្គនាយក ក្រុមហ៊ុន អង្គរ អាយ ខេមភេនី លីមីធិត បានគូស​បញ្ជាក់​ថា កន្រ្តកវិល អង្គរអាយ​នេះ បានសាងសង់​ក្នុងកម្ពស់ ៨៥ម៉ែត្រ មាន​៤៨​កន្ត្រក ដែល​អាច​ផ្ទុក​ភ្ញៀវទេសចរ​បាន ១៩២នាក់​ក្នុងពេល​តែមួយ ហើយ​ភ្ញៀវទេសចរ​ម្នាក់​នឹងត្រូវ​ប្រើ​ពេល​វេលា ១៨​នាទី សម្រាប់​ការជិះ​មួយជុំ។

លោកបាន​បន្ដ​ថា ពេល​ជិះកន្ត្រកវិក​កម្សាន្តលើ​អាកាស ភ្ញៀវទេសចរ​អាចទស្សនា​ទិដ្ឋភាព​ទីរួមខេត្ត​សៀមរាប ហើយអាច​ផ្តិតយករូបភាព​និង​ទេសភាព​ដ៏ស្រស់ត្រកាល ជា​ពិសេស​អាចមើល​ឃើញប្រាង្គប្រាសាទ​អង្គរវត្ត ទិដ្ឋភាព​បៃតង​នៃវាលស្រែ​ពីលើ​អាកាស​ផងដែរ។

ជាមួយគ្នា​នេះ លោកក៏​បាន​បង្ហាញ​ពីមូលហេតុ​ដែលក្រុមហ៊ុន​សម្រេច​យកទីតាំង​ខេត្តសៀមរាប សម្រាប់​ការវិនិយោគ​នេះ ដោយសារ​តែខេត្តសៀមរាប​មាន​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដ៏អស្ចារ្យ​លើ​ពិភពលោក ហើយមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនាយ៉ាង​ច្រើន​កុះករ និង​កំពុងមានសន្ទុះ​យ៉ាងខ្លាំងក្លា​ និងប្រកបដោយ​ភាពទាក់ទាញ​បំផុត។ លោកសង្ឃឹមថា កន្ត្រក​វិលលំដាប់​ពិភពលោកនេះ​ នឹងចូលរួម​ចំណែក​ក្នុងការ​ផ្តល់​សេវា​កម្សាន្ត​បន្ថែម​លើកម្មវិធី​ទេសចរណ៍​របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពី​ពួកគេ​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​ ដែលមាន​នៅក្នុង​ខេត្ត​សៀមរាបរួច​មក។ 

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានមាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប គឺ​ជាប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ប្រទេស ដោយផ្អែកលើ​សក្តានុពល​វិស័យ​ទេសចរណ៍ ព្រោះ​តែភាព​សម្បូរបែប នៃ​សម្បតិ្ត​វប្បធម៌ រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ធម្មជាតិ ជាពិសេស​ប្រាសាទ​អង្គរវត្ត ដែល​ធ្វើឱ្យភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប មានការ​កើនឡើង​ជា​លំដាប់។ ជាក់ស្តែង​ក្នុងឆ្នាំ​២០១៨កន្លងទៅ​នេះ មាន​ភ្ញៀវទេសចរ​ចំនួន​ជាង ៥, ៨លាន​នាក់ កើនឡើង ៥,៣៦ភាគរយ តាមរយៈ​កំណើន នៃភ្ញៀវទេសចរ​ទាំងនេះ ដែលបាន​បង្កើនការងារ​ជូនបងប្អូន​ប្រជាពលរដ្ឋក្នុងខេត្ត​ប្រមាណ៣៨ម៉ឺននាក់ ដោយក្នុងនោះ​ផ្តល់ការងារ​ដោយផ្ទាល់​ចំនួន ៨ម៉ឺន​នាក់ និងដោយ​ប្រយោលប្រមាណ​ជា៣០ម៉ឺន​នាក់។

លោក​អភិបាលខេត្ដ​បាន​បញ្ជាក់​ថា ការវិនិយោគ​មណ្ឌល​កម្សាន្ត​កន្រ្តកវិល​លំដាប់​អន្តរជាតិ​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មីមួយទៀត នៅក្នុង​ខេត្ត​សៀមរាប ដែល​រួមចំណែកធ្វើ​ឱ្យអ្នកទេសចរ​អាចស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅក្នុងខេត្ត​សៀមរាប​បានយូរ​ផងដែរ។ លោក​រំពឹងថា ក្រៅពី​មណ្ឌលកម្សាន្ត​កន្រ្តកវិល​នេះ ក្រុមហ៊ុន​ជប៉ុនមួយ​នេះ នឹង​បង្កើន​នូវការ​វិនិយោគ​បន្ថែមទៀត​នៅព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុងខេត្ត​សៀមរាប លើវិស័យ​ផ្សេងៗទៀត ដើម្បី​ចូលរួម​ដល់កិច្ចអភិវឌ្ឍន៍​នៅកម្ពុជា៕

ប្រភព៖ AKP

អត្ថបទថ្មី
;