តារា​ស្រី​កូរ៉េ ប្រឈម​នឹង​ជាប់​គុកនៅថៃ ៥ ឆ្នាំ ព្រោះចាប់ងាវជិតផុតពូជ

  • 2019-07-08 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​កូរ៉េ​ខាង​ត្បូង​ Lee Yeol-eum ប្រឈម​នឹង​ការ​ជាប់​គុក​រហូត​ដល់ ៥ ឆ្នាំ​នៅ​ថៃ ដោយ​សារ​តែ​បាន​ចាប់​លៀស​យក្ស​ជិត​ផុត​ពូជ​មួយ​ប្រភេទ ក្នុង​​ពេល​ថត​កម្មវិធី​ទូរទស្សន៍ "Law of the Jungle”។

​​Lee Yeol-eum បាន​ជ្រមុជ​ទឹក​ដើម្បី​រាវ​ចាប់​លៀស​យក្ស​ នៅ​ឧទ្យាន​សមុទ្រ​ថៃ សម្រាប់​កម្មវិធី "Law of the Jungle” ដែល​ចាក់​ផ្សាយ​នា​ថ្ងៃ​ទី ៣០ ខែ​មិថុនា។ ក្រោយ​ពី​ចាប់​យក​បាន​លៀស​យក្ស​ចំនួន​ពីរ ពី​ផ្កា​ថ្ម​នៅ​បាត​សមុទ្រ Lee Yeol-eum បាន​ស្រែក​ថា ៖ "ខ្ញុំ​ចាប់​បាន​ហើយ”។ សត្វ​ប្រភេទ​នេះ​បាន​ចុះ​ក្នុង​បញ្ជី​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ត្រូវ​បាន​ការពារ​ក្រោម​ច្បាប់​ថៃ។

រូបភាព​នៃ​តារា​សម្ដែង​វ័យ ២៣ ឆ្នាំ រើស​លៀស​នេះ បាន​ចាប់​ផ្ដើម​លេច​ចេញ​លើ​អនឡាញ ធ្វើ​ឲ្យ​រឿង​រ៉ាវ​នេះ​ដឹង​ដល់​សមត្ថកិច្ច។

Narong Kongaid ប្រធាន​នៃ​ឧទ្យានជាតិ Hat Chao Mai ជា​ទីតាំង​​ដែល​កម្មវិធី​ខាង​លើ​ថត​កាល​ពី​ខែ​មេសា បាន​ដាក់​ពាក្យ​បណ្ដឹង​​លើ​បទល្មើស​ចំនួន ២ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ចំពោះ​តារា​សម្ដែង​ស្រី​​ដែល​បាន​ល្មើស​ច្បាប់​ឧទ្យានជាតិ និង​ច្បាប់​ការពារ​ជីវិត​សត្វ។

Narong និយាយ​ថា ៖ "នាង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​​​រហូត​ដល់​ ៥ ឆ្នាំ”។ លោក​បន្ត​ថា​ផលិតកម្ម​នៃ​កម្មវិធី​នេះ​បាន​សម្ដែង​ការ​សុំទោស​រួច​ហើយ ប៉ុន្តែ "នេះ​គឺ​ជា​ករណី​បទ​ល្មើស ហើយ​យើង​មិន​អាច​ដក​ពាក្យ​បណ្ដឹង​បាន​ទេ”។

ស្រប​ពេល​ដែល​ពាក្យ​បណ្ដឹង​បាន​ដាក់​រួច​ទៅ​ហើយ​នេះ ពេល​នេះ​គេ​ត្រូវ​ចាំ​មើល​ថា​តុលាការ​សម្រេច​ថា​ត្រូវ​តាម​ចាប់​តារា​សម្ដែង​ស្រី​ខាង​លើ ឬ​ត្រូវ​ទម្លាក់​ករណី​នេះ​ចោល។ ​​

ការ​ប្រកាស​មួយ​របស់​កម្មវិធី​ទូរទស្សន៍ "Law of the Jungle” កាល​ពី​ថ្ងៃ​សុក្រ​ បាន​សម្ដែង​ការ​សុំទោស​អស់​ពី​ចិត្ត ដែល​មិន​បាន​ដឹង​អំពី​ច្បាប់​ការពារ​សត្វ​ព្រៃ​របស់​ប្រទេស​ថៃ។ "យើង​នឹង​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ខ្លាំង​ជាង​មុខ​ នៅ​ពេល​ថត​កម្មវិធី​នា​ពេល​អនាគត”។

គួរ​ដឹង​ថា​ Lee Yeol-eum បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​ ៦ ឆ្នាំ​មុន ដោយ​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ "Monster” ចេញ​ឆ្នាំ ២០១៦ និង​ភាពយន្ត​ល្បី​កាល​ពី​ឆ្នាំ ២០១៧ ចំណង​ជើង "The King” ផង​ដែរ៕​​ ​​​ ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;