សហព័ន្ធ MMA កម្ពុជា រៀបចំ​សន្នសីទ​កាសែត លើកទី៣ មុន​បញ្ជូន​កីឡាករ ​២រូប ទៅប្រកួត​ក្រៅប្រទេស

  • 2019-07-09 04:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ MMA កម្ពុជា បាន​រៀបចំ​សន្និសីទ​កាសែត លើក​ទី៣ កាលពី​ថ្ងៃ​ទី៧ ខែកក្កដា​កន្លងទៅ នៅ​អគារ​គណៈ​កម្មាធិការ​​អូឡាំពិក​កម្ពុជា ក្រោម​អធិបតីភាព​លោក កែប៊ិន សូរស្មី អនុប្រធាន​សហព័ន្ធ និង​លោក​ ហ៊ុន ច័ន្ទរាជ អគ្គ​លេខាធិការ​សហព័ន្ធ MMA កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​នេះ សហព័ន្ធ បាន​លើក​យក​របៀប​វារៈ​ចំនួន ២ គឺ​ទី១ ការ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ២រូប ទៅប្រកួត​នៅ​ក្រៅប្រទេស និងទី២ គឺ​ការប្រគល់​វិញ្ញាបនប័ត្រ ជូនក្លឹបនីមួយៗ​ ដែល​បានចុះឈ្មោះ​ជា​សមាជិក​សហព័ន្ធ។

លោក កែប៊ិន សូរស្មី (កណ្ដាល) លោក ហ៊ុន ច័ន្ទរាជ (ស្ដាំ) និងកីឡាករ​ចាន់ សំអាត (ឆ្វេង) ក្នុង​សន្និសីទ​កាសែត​របស់​សហព័ន្ធ MMA កម្ពុជា
កីឡាករ​ កីឡា​ការិនី ដែល​ចេញ​ទៅប្រកួត​នៅក្រៅប្រទេស រួមមាន កីឡា​ការិនី អេ យ៉ានុត ភូថង និង​កីឡាករ ចាន់ សំអាត។ អេ យ៉ានុត ភូថង នឹង​ត្រូវ​ប្រកួត​ទល់​នឹង​ដៃគូ​បារាំង សូហ៊ី ម៉ង់ហ្រេឌី ក្នុង​កម្មវិធី World Letwei Championship (WLC) នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ចំណែក ចាន់ សំអាត នឹងត្រូវ​ប្រកួត​ទល់​នឹង​កីឡាករ​មីយ៉ាន់ម៉ា Punnya Say ក្នុង​កម្មវិធី ONE Warrior Series របស់ ONE Championship នៅ​ប្រទេស​សិង្ហបុរី នាថ្ងៃទី៦ ខែសីហា។
កីឡាករ ចាន់ សំអាត (ទី២ រាប់ពីស្ដាំ) និងកីឡាការិនី អេ យ៉ានុត ភូថង (ស្ដាំ)

លោក កែប៊ិន សូរស្មី ក៏បានបញ្ជាក់ដែរថា មកទល់ពេលនេះ មានក្លឹបចំនួន ២២ បានចុះឈ្មោះ​ជា​មួយ​សហព័ន្ធ MMA កម្ពុជា ដែលក្នុងនោះ មាន ១៨ក្លឹប​នៅកម្ពុជា និង ៤ក្លឹបទៀត នៅ​ប្រទេស​កាណាដា បារាំង អូស្រ្ដាលី និងអាមេរិក។ ចំណែក​កីឡាករ​ កីឡា​ការិនី​ដែល​បានចុះឈ្មោះ គឺមានចំនួន ៤៧នាក់ ដែល​ក្នុង​នោះ ៤៣នាក់​នៅ​កម្ពុជា និង ៤នាក់ទៀត ជា​ខ្មែរ​នៅ​ក្រៅប្រទេស។

ក្រោយ​ចប់​សន្និសីទ​កាសែត​នោះ ក៏​មាន​ការ​ប្រគល់​វិញ្ញាបនប័ត្រ ជូនក្លឹបនីមួយៗ និង​ប្រគល់​ប័ណ្ឌ​សមាជិក ដល់​កីឡាករ កីឡា​ការិនី គ្រូបង្វឹក និងអាជ្ញាកណ្ដាលផងដែរ។

សូមបញ្ជាក់ផងដែរថា សហព័ន្ធ MMA កម្ពុជា ត្រូវបាន​បង្កើត​ឡើង​កាលពីខែតុលា ឆ្នាំ២០១៨ ក្នុង​គោល​បំណងអភិវឌ្ឍ​កីឡា​ក្បាច់​គុន​ចម្រុះ​នៅ​កម្ពុជា ជួយ​ពង្រឹង​សមត្ថភាពរបស់​កីឡាករ​ កីឡា​ការិនី និងដើម្បីបង្រួបបង្រួម​ក្លឹប និងកីឡាករ​កីឡា​ការនី​ទាំងអស់។ លោក ហ៊ុន ច័ន្ទរាជ ដែលជា​អគ្គ​លេខាធិការ​សហព័ន្ធ បាន​ឲ្យដឹងថា នេះ​គឺជា​ជោគជ័យ​មួយ​ដ៏​វិសេសវិសាល ហួស​ការរំពឹងទុក ហើយ​លោក​សង្ឃឹម​ និងជឿជាក់ថា សហ័ពន្ធ​នឹងទទួល​បានជោគជ័យ​ថ្មៗ​បន្ថែមទៀត តាមរយៈ​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;