ឧត្តមសេនីយ៍ឯក ស ថេត បញ្ជា​ឱ្យស្រង់ឈ្មោះ​នគរបាល​ដែលទៅ​យាមផ្ទះ ឬទៅ​ការពារ​ឧកញ៉ា

  • 2019-07-16 03:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ និង​ជាស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​ឱ្យដឹង​តាមរយៈទំព័រ​ហ្វេសប៊ុក​នាព្រឹកថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩​ថា លោក​បាន​បញ្ជា​ឱ្យ​ស្រង់ឈ្មោះ​មន្រ្តីនគរបាល​ណាដែលទៅ​យាមផ្ទះ ឬទៅ​ការពារ​ឧកញ៉ា ដើម្បី​ដឹងថា​តើពួកគាត់​មានការអនុញ្ញាត​ឬទេ។ ការ​ចេញបញ្ជានេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំស្តីពីការ​គ្រប់គ្រង​ប្រើប្រាស់​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិ ការ​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ និង​មធ្យោបាយ។

ហ្វេសប៊ុកលោក​ ស ថេត
ក្នុង​កិច្ចប្រជុំនេះ លោក​ ស ថេត បាន​លើកឡើង​ថា៖

-ត្រូវយកចិត្ត​ទុកដាក់​ពង្រឹង​ ឱ្យ​បាន​ម៉ឺងម៉ាត់​អំពី​ការ​គោរព​វិន័យ​ ពេល​ម៉ោង​ការងារ​រដ្ឋបាល​ដែលបាន​កំណត់​ ដោយ​ពេលព្រឹក​ចាប់ពី​ម៉ោង០៧ព្រឹក ដល់ម៉ោង១១និង៣០នាទី​ ហើយ​ពេលល្ងាច​ម៉ោង១៤​ ដល់ម៉ោង១៧:៣០​នាទី។

-ត្រូវស្នើសុំច្បាប់​ឈប់​សម្រាក​ជាលាយល័ក្ខអក្សរ​ឱ្យបាន​ត្រឹមត្រូវ

-ហាមដាច់​ខាត​ការឆ្លៀត​យក​កម្លាំង​ក្នុងអង្គភាព​ទៅបម្រើ​ការងារ​នៅតាម​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ឯកជន​ ឬជា​លក្ខណៈ​បុគ្គល​ឯកជន​ដែលមិន​មានការ​អនុញ្ញាត​ពីថ្នាក់ដឹកនាំ​

-និង​ហាមដាច់ខាត​ការយក​មន្រ្តី​នគរបាលជាតិ​ទៅប្រចាំការ​ការពារ​កន្លែង​កម្សាន្ត ជាពិសេស​ក្លឹបកម្សាន្ត ខារ៉ាអូខេ​ និង​កាស៊ីណូ​ជាដើម៕

អត្តបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;