លោក គួច ចំរើន ដឹកនាំមន្រ្តីនិងប្រជាពលរដ្ឋ ដាំកូនឈើជាង២ពាន់ដើម នៅខេត្តព្រះសីហនុ
- 2019-07-16 06:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន ដឹកនាំមន្រ្តីនិងប្រជាពលរដ្ឋ ដាំកូនឈើជាង២ពាន់ដើម នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមបុណ្យរុក្ខទិវាជាតិ ដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន ២២០០ដើម លើផ្ទៃដី ២ហិកតា ក្នុងបរិវេណវត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះ សីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
លោក គួច ចំរើន បានថ្លែងក្នុងពិធីនេះថា សកម្មភាពដាំដុះកូនឈើឡើងវិញ គឺជាការបំផុសចូលរួមថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យកាន់តែសម្បូរឡើងវិញ ជាការឆ្លើយតបសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដល់ប្រជាពលរដ្ឋរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការពារបរិស្ថានទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដី និងភាពរាំងស្ងួត ក៏ដូចជាគ្រោះទឹកជំនន់ជាដើម។
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នា ដើម្បីប្រែក្លាយទៅជាកម្លាំងចលនាមួយ ក្នុងការចូលរួមដាំដើមឈើគ្រប់រូបភាពឱ្យបានច្រើនជាអតិបរិមា និងបណ្ដុះនូវផ្នត់គំនិតស្រឡាញ់ព្រៃឈើ ថែរក្សា ការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ការ ប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុ មន្ទីរកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការ ក្នុងការរៀបចំដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន ២២០០ដើម ក្នុងនោះមាន កូនគគីរ កូនគ្រញូង កូនឈើទាល ដាំដុះលើផ្ទៃដី ២ហិកតា ក្នុងបរិវេណវត្តអូរត្រេះ គឺជាការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ រាំងស្ងួតជាដើម៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ