មេគយ​ លើកឡើង​ពីករណី​សំរាម​ ៨៣កុងទឺន័រ​ដែលដឹក​មក​ទម្លាក់​ចោល​នៅខេត្ត​ព្រះសីហនុ

  • 2019-07-17 01:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានថ្លែង​ប្រាប់ [ខ្លីៗ] កាលពី​ល្ងាច​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩​ថា ចំពោះ​ករណី​កាកសំណល់ និង​កាកសំណល់​ប្លាស្ទិក​ទាំង៨៣ទូរ​កុងទឺន័រ ដែលយក​មកទម្លាក់ចោល​នៅខេត្ត​ព្រះសីហនុ គឺនឹង​ត្រូវ​បញ្ជូន​ទៅប្រទេស​ដើម​វិញ ​ក្រោយ​ពេល​ស្រាវជ្រាវដឹងប្រភព​រួច។

លោកបាន​ឱ្យដឹង​យ៉ាងដូច្នេះ​ថា៖ «ពេល​ដែលគេ​នាំចូល​មក គឺគេ​ដាក់ជាមុខ​ទំនិញ​ផ្សេង ហើយ​មិនទាន់​បានឆ្លង​កាត់គយ​ទេ គឺដាក់​ពីកប៉ាល់​មកនៅទីលាន​កំពង់ផែ​នៅឡើយទេ ហើយមិនទាន់​ប្រកាសគយ​នៅឡើយ​ទេ កាលណា​មក​ប្រកាស​គយ​បាន អាចយក​ចេញ ព្រោះ​នៅទីលាន​កំពង់ផែ គឺស្ថិតនៅ​ក្រោមការគ្រប់គ្រង​នៅឡើយទេ មិនទាន់​ប្រកាសគយ​ទេ។ ព្រោះ​ក្នុងរយៈពេល​ចុងក្រោយ​នេះ បញ្ហា​កាកសំណល់​នេះ វាច្រាល​នៅហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហេតុនេះ យើងមាន​ការប្រុង​ប្រយ័ត្ន ស្រាវជ្រាវ និងមានការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា បានយើង​អាចរកឃើញ​ករណីហ្នឹង។ ហើយយើង​កំពុង​ស្រាវជ្រាវ​រកក្រុមហ៊ុន​ដែលនាំចូល​មក និង​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ជាគោលការណ៍​នៅពេល​ដែល​រកឃើញ​ថា មកពី​ប្រទេស​ណា គឺត្រូវ​បញ្ជូន​ត្រឡប់​ទៅប្រទេស​នោះវិញ»។

សូម​ជម្រាប​ថា កាលពី​ម្សិលមិញនេះ សមត្ថកិច្ច​ដឹកនាំ​ដោយ លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និងលោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាអគ្គនាយក​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ បានបើក​ប្រតិបត្តិការ និង​សម្រេច​គាស់ទូរ​កុងទឺន័រ​ទាំងអស់​នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្តព្រះសីហនុ កុងទឺន័រ​ចំនួន៨៣​ទូរ រកឃើញ​សំរាម​ចំនួនជា១៦០០​តោន។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង​ជាមន្ត្រីនាំពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​​ថា សមត្ថកិច្ច​នឹង​កំណត់ថា​ទំនិញ​ហាមឃាត់​ទាំងនេះ​មក​ពីប្រភព​ណា ហើយនឹង​ត្រូវបញ្ជូន​ទៅប្រភព​ដើមវិញ និងធ្វើការ​ផាកពិន័យ​លើក្រុមហ៊ុន​ដែលនាំចូល​មកនោះ​តាមច្បាប់​ជា​ធរមាន។ លើសពីនេះ ក្រសួង​បរិស្ថាន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ស្វែងរកប្រភព និងឫសគល់​ដែលនាំឱ្យមាន​ការនាំចូល​សំណល់​សំរាមនេះ​មកកាន់​ប្រទេស​កម្ពុជា។

គួររំលឹក​ថា សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍ជាច្រើន​លើករួចមកហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ មិនអនុញ្ញាត​ឲ្យមានជា​ដាច់ខាត​ចំពោះការ​នាំចូល​សំណល់​ប្លាស្ទិក​មកកែច្នៃ​នៅកម្ពុជាឡើយ។ កម្ពុជា​មិនមែន​ជាធុង​សំរាម​សម្រាប់​ការបោះចោល​បច្ចេកវិទ្យា​ហួសសម័យ​នោះទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជានិច្ចនឹងការ​នាំចូល​សំណល់​ប្លាស្ទិក និង​ប្រេងម៉ាស៊ីន​មកកែច្នៃ​នៅកម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;