លោក គួច ចំរើន ប្រាប់​ទូតអូស្ត្រាលី​ថា ខេត្តព្រះសីហនុ​ប្រែមុខមាត់​ទៅជា​ខេត្ត​ពាណិជ្ជកម្ម កាស៊ីណូ និង​ទេសចរណ៍

  • 2019-07-26 04:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ជំរាបជូន​លោកស្រី​អេនជីឡា ខូខូរាន ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា ក្នុង​ជំនួបគ្នាមួយ​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩ អំពី​ពីបញ្ហា​ប្រឈម​មាន​ដូចជា ផ្លូវថ្នល់ លូទឹកកខ្វក់ និង​អនាម័យ បរិស្ថាន (សំរាម)។ លោកថា បច្ចុប្បន្នខេត្ត​ព្រះសីហនុ ប្រែមុខមាត់​ទៅ ជា​ខេត្ត​ពាណិជ្ជកម្ម ដឹកជញ្ជូន កាស៊ីណូ និង​ទេសចរណ៍ ដែលតម្រូវ​ឱ្យមានហេដ្ឋារចនា​សម្ពន្ធ័​ល្អ។

លោកអភិបាល​ខេត្ត​បន្តថា ការអភិវឌ្ឍ​យ៉ាងគំហុក​បង្កឱ្យខូចខាត​ផ្លូវថ្នល់ និង​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋបាលខេត្ត​បាន​កៀរគរ​គ្រប់ស្ថាប័ន​ពាក់ពន្ធ័ និង​វិស័យ​ឯកជន​ចូលរួម​កែលម្អ​បរិស្ថាន និង​សោភ័ណភាព ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​មានការកើនឡើង មកពី​បណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រ​កម្ពុជា ដែលបាន​មករកស៊ី ទទួលទាន​តាម​សមត្ថភាព។ ម្យ៉ាងទៀត​ក្រោយពេល​សំណង់​ត្រូវបាន​សាងសង់​រួច ខេត្ត​ព្រះសីហនុ ត្រូវការ​កម្លាំង​ពលកម្ម​កាន់តែ​ច្រើន ហើយបញ្ហា​ទឹកកខ្វក់ បរិស្ថាន​មាន​បញ្ហា​ប្រឈម ចាប់ពី​ពេលនេះ រហូតទៅ​អនាគត​ ការគ្រប់គ្រង​ទឹកកខ្វក់​ ធ្វើឡើង​តាម​បច្ចេកទេស។

លោក​ គួច ចំរើន បញ្ជាក់​ថា ខេត្តមាន​ដំណោះស្រាយ​ដោយចែក​លូទឹកភ្លៀង និង​ទឹកកខ្វក់ផ្សេងគ្នា ត្រូវសាងសង់​អាងប្រព្រឹត្តកម្ម​សាធារណៈ និង​វិស័យឯកជន ដោយ​ត្រូវ​ចូលរួម​ជាមួយរដ្ឋបាលខេត្ត ក្រុង ។ ធនាគារ ADB មាន​គម្រោ​ងជួយ​លូទឹកភ្លៀង ដើម្បីកាត់បន្ថយ​ទឹកកខ្វក់​នៅក្នុងក្រុង​ផងដែរ។

ជាមួយ​គ្នានេះ លោក​បានជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ បង្កើន​រថយន្ត និង​កម្មករ ក្នុងការ​ប្រមូលសំរាម​ចេញបាន​ទាន់​ពេលវេលា។ ទន្ទឹមនឹងការរីកចម្រើន​ក៏មាន​ផលប៉ះពាល់​មួយចំនួន ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទទួលបាន​ផលផ្លែផ្កា​ពីការវិ​និយោគ​នេះផងដែរ ។ រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា មិនប្រកាន់និន្នាការ​នយោបាយ មិនថា ចិន អាមេរិក បារាំង ឬប្រទេស​ណាទេ កម្ពុជា​នឹងស្វាគមន៍​ទទួលយក​អ្នកវិនិយោគ និង​ទេសចរណ៍​មកពី​គ្រប់ទិសទី មកកាន់​ខេត្តព្រះសីហនុ ក៏​ប៉ុន្តែ​អ្នកវិនិយោគ និង​អ្នកទេសចរ​ត្រូវតែ​គោរព​ច្បាប់​កម្ពុជា។

ក្នុងជំនួបនេះ លោកស្រី​ឯកអគ្គរដ្ឋទូតបាន​មាន​ប្រសាសន៍​ថា ខេត្ត​ព្រះសីហនុ បានធ្វើ​បច្ចុប្បន្នភាព​ក្នុងការ​ពង្រីក​វិសាលភាព​គួរឱ្យ​កត់​សំគាល់​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់។

លោកស្រី​បានបញ្ជាក់​ថា ដោយមើលឃើញ​ពីការរីកចម្រើន​លើវិស័យ​សំណង់ ពិសេស​ស្តង់ដា​គុណភាព​សំណង់ កន្លងមក លោកស្រី​បានជួប​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងដែនដី ពិភាក្សា​ពង្រឹង​គុណភាព​សំណង់ ដោយយល់ព្រម​បង្កើត​កម្មវិធីរួម​មួយ ជួយផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដែនដី និងអាជ្ញាធរ​ខេត្ត ក្នុងនោះគឺ​ដំណើរការ​សាកល្បងមុនគេ​នៅខេត្តព្រះសីហនុ។

លោកស្រី​លើកឡើង​ថា ប្រទេសអូស្ត្រាលី និងកម្ពុជា​មានទំនាក់ទំនង ៦៥ឆ្នាំ លើកិច្ចសហប្រតិបត្តិការ​ជួយអភិវឌ្ឍ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់ វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម ផ្នែកអភិវឌ្ឍន៍​សេដ្ឋកិច្ច ហេដ្ឋារចនា​សម្ព័ន្ធ ដោះមីន ដែល​កម្មវិធីទាំងនេះ​មានក្នុង​ខេត្តព្រះសីហនុ​ផងដែរ។ ក្រៅពីនេះ ក៏​មានគម្រោង​សមធម៌ សុខាភិបាល​ដល់​មន្ទីរពេទ្យ​ខេត្ត ជួយក្រសួង​ផែនការ ក្នុងការ​កំណត់​អត្តសញ្ញាណកម្ម ជួយប្រជាពលរដ្ឋ​ក្រីក្រ និងបានផ្តល់​អាហារូបករណ៍​ដល់និស្សិត ផ្តល់ជំនួយ​ដល់អង្គការ​នៅខេត្ត​ព្រះសីហនុ (អង្គការ​ម្លប់តាប៉ាង) និងគម្រោង​ជួយកុមារ​ពីការ​រំលោភ​បំពាន និង​កេងប្រវ័ញ្ច។ កិច្ចសហប្រតិបត្តិការ​របស់​សហព័ន្ធ​អូស្ត្រាលី ជួយលើ​ផ្នែកលិខិត​ឆ្លងដែន គ្រឿងញៀន ផ្តល់ការ​ហ្វឹកហ្វឺន​ដល់ប៉ូលីស ជំនួយ​ផ្នែកយោធា​ដល់មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម សង់រោងជាង​ថែទាំបច្ចេកទេស អគារ​សម្ភារៈ ជួយដល់​គណកម្មការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ លើផ្នែក​ព័ត៌មានវិទ្យា ផ្តល់អគារ​ធ្វើការ បណ្តុះបណ្តាល​ភាសារអង់គ្លេស​ជាដើម៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;