កូរ៉េ​ខាងជើង បាញ់​មីស៊ីល២គ្រាប់​ទាំងព្រឹក ​និង​ជាលើកទី២​ក្នុង​សប្តាហ៍​នេះ

  • 2019-07-31 03:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​មីស៊ីល​ចម្ងាយខ្លី ២គ្រាប់​នៅព្រឹក​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៩នេះ ចេញពី​ឆ្នេរសមុទ្រខាងកើត​របស់ខ្លួន។ នេះបើតាម​ការ​បញ្ជាក់​របស់យោធាកូរ៉េខាងត្បូង​ក្នុងសេចក្តីថ្លែងការណ៍​មួយ។

មីស៊ីលនេះ ត្រូវបាន​បាញ់ចេញពី​តំបន់ Wonsan-Kalma ដោយ​ហោះបាន​ចម្ងាយ​ប្រមាណ ២៥០គីឡូម៉ែត្រ​ កម្ពស់ ៣០គីឡូម៉ែត្រ មុនធ្លាក់​ចូល​សមុទ្រ។

រូបថត៖ AFP
យោធា​កូរ៉េខាងត្បូង បាន​អះអាង​ថា ការបាញ់​សាកល្បង​មីស៊ីល​បែបនេះ មិនបាន​ធ្វើឱ្យភាព​តានតឹង​នៅ​ឧបទ្វីបកូរ៉េ ធូរស្រាលវិញ​ឡើយ។ «យើង​អំពាវ​ឱ្យ​បញ្ឈប់​សកម្មភាពទាំងនេះ»។

ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​បញ្ជាក់​ថា មិនមានមីស៊ីលណាមួយ​បានចូលដល់​ដែនអធិបតេយ្យភាព ឬតំបន់​សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនឡើយ ហើយការ​បាញ់មីស៊ីល​របស់​កូរ៉េខាងជើង ក៏មិន​បាន​គំរាម​កំហែង​ដល់​សន្តិសុខជប៉ុនផងដែរ។

កាលពីថ្ងៃទី២៥ ខែ​កក្កដាកន្លងទៅ កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ប្រភេទថ្មី ២គ្រាប់​ជាលើកដំបូង ចាប់តាំងពី​ជំនួប​រវាងលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដែល​ធ្វើឡើង​កាលពីចុង​ខែ​មិថុនា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;