ជប៉ុន រំលឹក​ខួប​៧៤ឆ្នាំ​នៃការ​ទម្លាក់គ្រាប់បែក​អាតូមិក​របស់​អាមេរិក មកលើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា

  • 2019-08-06 06:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃនេះ ជប៉ុន​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧៤​ឆ្នាំ (៦ សីហា ១៩៤៥- ៦ សីហា ២០១៩) នៃការ​ទម្លាក់​គ្រាប់បែក​អាតូមិក​របស់​អាមេរិក មកលើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា។ ពិធី​នេះ ធ្វើ​ឡើង​នៅសួន​អនុស្សាវរីយ៍​សន្តិភាព ដោយ​មាន​ចូលរួម​ប្រមាណ ៥ម៉ឺន​នាក់ រួមមាន​ទាំង​តំណាង​មកពីប្រទេស​ចំនួន​៩០​ផងដែរ។

រូបថត៖ Kyodo
នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុង​ពិធីនេះ បាន​ថ្លែង​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​ក្នុងការ​ធ្វើឱ្យពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ លោក​បញ្ជាក់​ថា ក្នុងនាម​ជាប្រទេស​តែមួយគត់​ដែល​ជួប​ការ​ទម្លាក់គ្រាប់បែក​អាតូមិក​នេះ ភារកិច្ច​របស់​ជប៉ុន​ក្នុងការ​លុប​បំបាត់​​អាវុធ​នុយក្លេអ៊ែរ គឺនៅតែ​មិនផ្លាស់ប្តូរឡើយ។
រូបថត៖ Kyodo

សូម​រំលឹក​ថា កាលពី​ព្រឹកថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៩៤៥ យន្តហោះ B-29 របស់​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​ដែល​មាន​ទម្ងន់​ជាង ៤,៤​តោន ទៅលើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ១៤ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត។

៣ថ្ងៃ​ក្រោយមក​ គឺនៅ​ថ្ងៃទី៩ ខែ​សីហា យន្តហោះ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​១ទៀត​ឈ្មោះ "Fat Man" ទម្ងន់ ៤,៦ តោន ទៅលើ​ក្រុង​ណាហ្គាសាគី បណ្តាល​ឱ្យ​មនុស្ស​ពី​ជិត ៤​ម៉ឺន ទៅ ៨ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត​ផងដែរ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;