លោក ហ៊ុន ម៉ាណែត៖ កម្ពុជាគ្រប់គ្រង​បាន​នូវ​ស្ថិរភាព​ជាតិ-ទប់ទល់​នឹងការ​ឈ្លាន​ពាន​បាន

  • 2019-08-17 02:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ព​ជើងគោក បានបញ្ជាក់ថា «យើង​គ្រប់គ្រង​បាន​នូវស្ថិរភាព​ជាតិ គឺជា​មោទនភាពជាតិ​របស់យើង កងទ័ព​របស់​យើង ប្រទេស​យើង​មានមុខមានមាត់ ជាប្រទេសមួយ​ទប់ទល់នឹងការ​ឈ្លានពានបាន រក្សា​ស្ថិរភាព​បាន ប្រទេស​យើងចេញ​ទៅក្រៅ​ មោទនភាពនៅលើ​ឆាកអន្តរជាតិ ដែល​កិច្ចការ​ទាំងអស់ នាយទាហាន​ជំនាន់ក្រោយ​ត្រូវចូលរួម​ចំណែក​បន្តវេន​ការពារ​ជាតិ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន»។ ការ​បញ្ជាក់​នេះ នៅក្នុង​ពិធី​សំណេះ​សំណាល និងពិសារ​បាយ​សាមគ្គី​ជាមួយ​សិក្ខាកាម​យោធា​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី កាលពីថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៩។

លោកបាន​បញ្ជាក់ទៀត​ថា ការ​បណ្ដុះបណ្ដាល​នាយទាហាន គឺ​សំខាន់​ណាស់ ព្រោះ​នាយ​ទាហាន គឺជា​ឆ្អឹងខ្នង​នៃ​កងទ័ព ដែលមាន​កម្រិត​យុទ្ធសាស្ត្រ យុទ្ធនាការ និង​យុទ្ធវិធី។ លោក​បាន​កោត​សរសើរដល់​ការសម្រេច​បាន​លទ្ធផល​ដ៏ត្រចះត្រចង់​រហូតទទួលបាន​សញ្ញាប័ត្រ​ក្រហមដែលពិបាក​នឹងកម្រ​ទទួលបាន​ណាស់ និងទទួល​ស្នាដៃ​ជាច្រើន​ទៀត​ដែលបាន​ទទួលនូវការ​កោតសរសើរ​ពីសាលា និងថ្នាក់ដឹកនាំ​នៃសហព័ន្ធរុស្ស៊ី។

ក្រសួងការពារជាតិ នឹងផ្ដល់​លិខិត​សរសើរ​ចំពោះនិស្សិត​ឆ្នើម​ដែលមានស្នាដៃ និងលទ្ធផល​ល្អដើម្បីជា​ការលើកទឹក​ចិត្តសិក្ខាកាម​យោធា​ដែលកំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី ក៏ដូចជា​ប្រទេសដទៃ​ទៀត។ «នេះគឺជា​ការលើក​ទឹកចិត្ត​សំខាន់ណាស់​សម្រាប់​នាយទាហាន​ជំនាន់ក្រោយ ព្រោះអនាគត​របស់យើងត្រូវចូលរួមចំណែកទទួលខុសត្រូវនៅក្នុងការពង្រឹងកងទ័ព ដើម្បីការពារសន្តិភាព ស្ថិរភាព បូរណភាពទឹកដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រោះផលប្រយោជន៍នៃការការពារជាតិមិនមែនសម្រាប់តែអ្នកដែលពាក់ឯកសណ្ឋានកងទ័ពនោះទេ ប៉ុន្តែគឺផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»៕ នេះជាលើកឡើង​បន្ថែម​របស់​លោក ហ៊ុន ម៉ាណែត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;