អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នឹង​មកទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃទី២១ ដល់ ២៣ សីហា

  • 2019-08-19 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុរដ្ឋមន្ត្រី​ក្រសួងការបរទេសជប៉ុន ទទួល​បន្ទុកកិច្ចការ​សភា លោក ណូរីកាហ្សូ ស៊ូហ្សុយគី (Norikazu SUZUKI) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី២១ ដល់ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ​នេះ ដើម្បី​ជួបជាមួយ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] នៅ រសៀល​ថ្ងៃទី១៩ ខែ​សីហា​នេះ​ថា អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន នឹងមក​កម្ពុជា​រយៈពេល​បីថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៩។ លោក ណូរីកាហ្សូ ស៊ូហ្សុយគី មាន​គម្រោង​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងជួប​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា៖ «គោលបំណង​សំខាន់​ការមក​បំពេញ​ទស្សនកិច្ច​កម្ពុជា ជា​ផ្នែកមួយ​នៃការ​ខិតខំ​ពង្រឹង​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ»។

តាមកម្មវិធីដែល​បានគ្រោងទុក លោក ណូរីកាហ្សូ ស៊ូហ្សុយគី នឹងជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមាន​សន្តិភាព នារសៀល​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៩៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;