បេក្ខជន២រូបធ្លាក់ស្វ័យប្រវត្តិ ដោយសារមូលហេតុពីរផ្សេងគ្នា
- 2019-08-20 03:27:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជន២រូបធ្លាក់ស្វ័យប្រវត្តិ ដោយសារមូលហេតុពីរផ្សេងគ្នា
ចន្លោះមិនឃើញ
បេក្ខជនពីររូបត្រូវបានអនុរក្សចាប់បាននូវកំហុសធ្ងន់ធ្ងរអំឡុងពេលប្រឡង ដូច្នេះបានសម្រេចឲ្យធ្លាក់ជាស្វ័យប្រវត្តិ គឺទី១កំហុស លាក់សំណៅឯកសារក្នុងខ្លួន និងទី២ បេក្ខជនបានប្រើប្រាស់ទូរសព្ទ។ លទ្ធផលបឋមនេះត្រូវបានរកឃើញនៅអំឡុងការប្រឡងថ្ងៃទី១ ម្សិលមិញ។
ចំពោះពីរករណីទៀត គឺបេក្ខជនម្នាក់ប្រឡងនៅខេត្តត្បូងឃ្មុំ មានបញ្ហាសុខភាពធ្ងន់ធ្ងរមិនអាចប្រឡងបាន និងមួយករណីទៀតកើតមាននៅខេត្តសៀមរាប ដោយសារបេក្ខនារីម្នាក់មកប្រឡងយឺតម៉ោង។ ការប្រឡងចាប់ផ្ដើមនៅម៉ោង ៧.៣០ នាទី ហើយបេក្ខនារីរូបនេះ បានមកដល់មណ្ឌលប្រឡងនៅម៉ោងប្រមាណ ៨.១០ នាទី ក្រោយការវាយជួងទី២។ តាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ បើបេក្ខជនណាមកយឺត ១៥ នាទី បេក្ខជននោះមានសិទ្ធិបំពេញសំណុំឯកសារដើម្បីស្នើទៅដល់ប្រធានមណ្ឌល និងគណៈកម្មការទូទាំងប្រទេសនៅតាមខេត្តនីមួយៗដើម្បីស្នើសុំសិទ្ធិចូលប្រឡង។ បើសិនបេក្ខជននោះមិនទទួលបានសិទ្ធិសុំប្រឡង គឺបេក្ខជននោះនឹងទទួលបានពិន្ទុសូន្យ។
គួរបញ្ជាក់ថា តាមក្រសួងអប់រំនៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្សិលមិញនេះបេក្ខជនប្រឡងសរុបមានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០ ៤២៧ នាក់ និងបេក្ខជនអវត្តមានចំនួន ១ ៧៤៥ នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា បេក្ខជនមានបញ្ហាសុខភាពមានចំនួន ៤៣ ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបានបន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន ១ រូបប៉ុណ្ណោះ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមិនអាចបន្តការប្រឡងបាន។ មណ្ឌលប្រឡងមាន ២០២ មណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១២៧ មណ្ឌល ខណៈដែលបន្ទប់ប្រឡងមានចំនួន ៤ ៧២៥៕