លោក​ ដូណាល់ ត្រាំ​ ផ្អាក​ទៅទស្សនកិច្ច​ដាណឺម៉ាក​ ក្រោយ​ពី​មិន​ព្រម​លក់​កោះ​ហ្គ្រីនឡែន​ឲ្យ​អាមេរិក

  • 2019-08-21 03:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តិច​ជាង​ពីរ​សប្ដាហ៍​មុន​ថ្ងៃ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ដាណឺម៉ាក​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ​ បាន​ប្រកាស​ថា​លោក​បាន​ផ្អាក​ដំណើរ​ទៅ​ក្រុង​ កូប៉េនហាហ្គេន​ ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​ដាណឺម៉ាក​មិន​ព្រម​លក់​កោះ​ ហ្គ្រីនឡែន​ (Greenland) ឲ្យ​ សហរដ្ឋ​អាមេរិក​។

ក្នុង​សារ​ចំនួន​​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ Twitter នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា ឆ្នាំ​២០១៩ លោក​ ត្រាំ បាន​សរសេរ​ថា​៖ «ដាណឺម៉ាក គឺ​ជា​ប្រទេស​ដ៏​ពិសេស​មួយ​ដែល​មាន​ប្រជាជន​ដ៏​អស្ចារ្យ​ តែ​បើ​តាម​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី​ Mette Frederiksen ដែល​បាន​បញ្ជាក់​ថា​លោក​ស្រី​គ្មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ពិភាក្សា​លក់​កោះ​ ហ្គ្រីនឡែន​ ទេ​ ​ហេតុ​នេះ​ហើយ​ខ្ញុំ​បាន​សម្រេច​ផ្អាក​កិច្ច​ប្រជុំ​របស់​យើង ​​ដែល​នឹង​ប្រព្រឹត្ត​នៅ​រយៈ​ពេល​ពីរ​អាទិត្យ​ខាង​មុខ​នេះ​ លើក​ទៅ​ពេល​ផ្សេង​ទៀត​»។

លោក​បាន​បន្ត​ទៀ​ត​ថា​៖ «នាយក​រដ្ឋ​មន្ត្រី​(ដាណឺម៉ាក) បាន​ជួយ​សន្សំ​សំចៃ​ចំណាយ​លុយ​សម្រាប់​សហរដ្ឋ​អាមេរិក​ និង​ដាណឺម៉ាក​ ដោយ​លោក​ស្រី​បាន​ឆ្លើយ​ត្រង់​ៗ​។ ខ្ញុំ​អរគុណ​លោក​ស្រី​ចំពោះ​រឿង​នេះ ហើយ​ខ្ញុំ​ទន្ទឹង​រង​ចាំ​ការ​រៀប​ពេល​វេលា​ឡើង​វិញ​នា​ពេល​អនាគត»។

សូម​រំលឹក​ថា​លោក​ ត្រាំ បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ក្នុង​ការ​ទិញ​កោះ​នេះ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា​នេះ​ ដោយ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ហ្គ្រីនឡែន កំពុង​ធ្វើ​ឲ្យ​ប៉ះ​ដល់​សេដ្ឋកិច្ច​ដាណឺម៉ាក។ តែ​លោកស្រី​ Frederiksen ក៏​បាន​ឆ្លើយ​តប​វិញ​ថា​៖ «ហ្គ្រីនឡែន ​មិនមែន​សម្រាប់​លក់​ ហ្គ្រីនឡែន​ មិនមែន​ដាណឺម៉ាក​ទេ ហ្គ្រីនឡែន​ គឺ​ហ្គ្រីនឡែន»៕

ចុច​អាន​បន្ថែម៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;