ជម្រុះ World Cup៖ ប្រធាន​ក្រុម​ជម្រើសជាតិ​វៀតណាម ប្រា​ប់ឱ្យ​ប្រយ័ត្ន​ចំពោះ​​កីឡាករ​ថៃ​មួយរូប

  • 2019-08-31 02:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុនប៉ះ​គ្នា​នៅវគ្គជម្រុះ World Cup នាថ្ងៃទី៥កញ្ញា​ខាងមុខនេះ កីឡាករ Que Ngoc Hai ប្រធាន​ក្រុមជម្រើស​ជាតិ​វៀតណាម បាន​បង្ហាញ​ក្តីបារម្ភ​និង​ប្រាប់​ឱ្យខ្សែការពារ​ ត្រូវ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កីឡាករថៃមួយ​រូប គឺ Chanathip Songkrasin។

Que Ngoc Hai ត្រូវបាន​សារព័ត៌មាន​ដកស្រង់សម្តី​កាលពីថ្ងៃទី​២៨សីហា​កន្លងទៅ​ថា៖ «Chanathip បានក្លាយ​ជាកីឡាករ​ថៃ​ឆ្នើម​បំផុត ក្នុង​រយៈពេល៥ឆ្នាំ​មកនេះ ដូច្នេះ​យើងត្រូវតែ​តាម​ឃ្លាំមើល​គាត់​ពេញ​ការប្រកួត​នេះ។ ប៉ុន្តែ​ខ្ញុំគិតថា មិនមែន​មានតែគាត់​ទេ គឺថា​កីឡាករថៃ​ជាច្រើន​សុទ្ធតែ​មាន​គុណភាព​ខ្ពស់»។

គ្រូ​ជម្រើសជាតិ​វៀតណាម លោក Park Hang-Seo ក៏ធ្លាប់​បាន​ព្រមាន​កូនក្រុម​លោក​ផងដែរពី​ Messi ថៃ​ ខាងលើ​នេះ។ លោកថា បច្ចុប្បន្ន​ ថៃ​មានកីឡាករ​សំខាន់៣រូប​ដែល​កំពុងលេង​នៅលីគ​ជប៉ុន J1 League រួមមាន​ទាំង Chanathip ផងដែរ។

លោក Park បញ្ជាក់​ថា បើទោះ​បីជាខ្សែបម្រើប្រយុទ្ធថៃ​រូបនេះ​ពុំបាន​លេងនៅ King's Cup ក៏ដោយ ប៉ុន្តែក្រុម​វៀតណាម​បាន​មើលពី​របៀប​ដែលគេបាន​លេង​នៅ Asian Cup 2019 រួចមក​ហើយ។ «យើង​ក៏បាន​មើលវីដេអូ​ពីការ​លេងរបស់ Chanathip យ៉ាងច្រើន​ផងដែរ។ វាអាច​និយាយថា វៀតណាម​មិនត្រូវធ្វេសប្រហែស​ជាមួយកីឡាកររូបនេះ​ឡើយ»៕

ចុចអាន៖ Messi ថៃ Chanathip Songkrasin ជាប់​ក្នុងបញ្ជី​ត្រៀមប៉ះ​វៀតណាម តែគ្មាន​ឈ្មោះ Teerasil Dangda

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;