លោក ហ៊ុន ម៉ាណែត៖ ធ្វើ​ស្រែនឹងទឹក ធ្វើសឹកនឹងបាយ ការធានាភស្តុភារសម្រាប់កងទ័ព គឺជារឿងសំខាន់

  • 2019-09-02 09:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដូច្នេះការធានាភស្តុភារសម្រាប់កងទ័ព ការងារចិញ្ចឹមទ័ព ការងារត្រៀមបំប៉នសុខភាព កាយសម្បទា គឺជាការងារសំខាន់។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោកឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានជំរុញដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងនោះបានយកចិត្តទុកដាក់ដឹកនាំបញ្ជាណែនាំការធានាភស្តុភារ ជូនកងទ័ពប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ទាន់ពេលវេលា និងដល់ដៃកងទ័ព សំដៅលើកកម្ពស់ជីវភាពកងទ័ពឱ្យកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀត ស្របទៅនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន។

លោកបានបន្តទៀតថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោកឆ្នាំ២០១៩ គឺជាវគ្គបណ្ដុះបណ្ដាលសំខាន់ និងជាវគ្គទី១ ប៉ុន្តែយន្តការត្រូវមានវគ្គបន្តបន្ទាប់ទៀត។ ការបណ្ដុះបណ្ដាលត្រូវធានានូវចំណុចមួយចំនួនរួមមានៈ ទី១. នាយទាហានដែលបញ្ជូនមកត្រូវធ្វើការឲ្យចំជំនាញ។ ហើយការងារដែលសំខាន់ហើយបន្ទាន់បំផុតសម្រាប់ការងារហ្វឹកហ្វឺន គឺនាយទាហានបន្តវេនដែលមានសមត្ថភាព ទាំងទ្រឹស្ដី បទពិសោធន៍ ឯកសារ និងការអនុវត្ត។ ទី២. គឺការពង្រឹងកម្មវិធីបណ្ដុះបណ្ដាល និងការគ្រប់គ្រងវគ្គនីមួយៗ។ ដូច្នេះ ចំណុចទាំងពីរនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាល។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការឯកភាពលើរបៀបរបបធ្វើការងារផ្នែកភស្តុភារ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តដឹកនាំការងារនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីជំរុញឱ្យមានការអនុវត្តបានត្រឹមត្រូវ ឯកភាពគ្នា និងព្រមៗគ្នា ទាំងការងារធ្វើផែនការ ការគ្រប់គ្រង, ការបែងចែក និងការបើកចែកដល់ដៃយោធិនគ្រប់ៗរូបឱ្យបានទាន់ពេលវេលា និងធានាបានទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវចាត់តាំងបញ្ជូនយោធិនក្នុងកងឯកភាពមកបណ្តុះបណ្តាលបំប៉នជំនាញ តាមផែនការដែលបានដាក់ចេញ។

លោកបានលើកឡើងថា តទៅមុខទៀត ដូចមានគ្រោងក្នុងផែនការឆ្នាំ២០២០ រួចហើយ នឹងមានការបើកវគ្គបំប៉នជំនាញភស្តុភារនេះជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពការងារក្នុងជំនាញនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ លោកសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកទាំងចំណេះដឹង និងចំណេះធ្វើពីយោធាចារ្យជំនាញ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;