សាឡង់ដឹកខ្សាច់ជាប់នឹងជើងស្ពានព្រែកតាមាក់មិនធ្វើឲ្យប៉ះពាល់ដល់ស្ពានឡើយ
- 2019-09-16 01:57:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាឡង់ដឹកខ្សាច់ជាប់នឹងជើងស្ពានព្រែកតាមាក់មិនធ្វើឲ្យប៉ះពាល់ដល់ស្ពានឡើយ
ចន្លោះមិនឃើញ
ក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់នឹងជើងតាងនៃសសរស្ពានផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ មិនធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្រោយពីបូមខ្សាច់ចេញពីសាឡង់អស់ ក្រុមការងារ បច្ចេកទេសរបស់ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តំណាងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងអន្តរាគមន៏ អង្គរក្ស សម្តេច ហ៊ុន សែន និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន ព្រមទាំងមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្នុងប្រតិបត្តិការនោះ ក៏បានធ្វើការអូសសាឡង់ជាច្រើនលើកច្រើនសារ ហើយជម្រើសចុងក្រោយក្រុមការងារបានសរុបកំលាំងរួមគ្នា អូសទាំងផ្លូវទឹក អូសទាំងលើគោក នៅតែមិនអាចអូសសាឡង់ខាងលើនេះបាន ដោយសារសម្ពាធទឹកខ្លាំងពេក។ បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់ដឹកខ្សាច់ដែលជាប់ឡើងខាងលើ មិនធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ ។
ដូច្នេះក្រុមការងារបានសម្រេចធ្វើការផ្អាកនូវប្រតិបត្តិការអូសសាឡង់ខាងលើនេះជាបណ្តោះអាសន្នហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មី នៅពេលទឹកមានសភាព ធូរស្រាលឡើងវិញ៕
ចុចអាន៖