អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ លុត​ជង្គង់​គ្រឹប ក្រោយ​បើក​កៀរ​រថយន្ត​ជាង​១០​ម៉ឺន​ដុល្លារ សូដា នីតា

  • 2019-09-17 07:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ទំនើប Land Cruiser ស៊េរី​ខ្ពស់​មួយ​ម៉ូដែល​របស់​តារា​ស្រី សូដា នីតា ដែល​មាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​រថយន្ត​ដឹកនាំ​ទំនិញ​មួយ​គ្រឿង បាន​បើក​កៀរ​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​ផ្នែក​ខាង​ឆ្វេង។

ហេតុការណ៍​ខាង​លើ បាន​កើត​នៅ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១១យប់​មិញ​នេះ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ PTT មួយ​កន្លែង។ សូដា នីតា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នាង​បាន​ចត​រថយន្ត​ចោល​នៅ​ចំណុច​ស្ថានីយ​ចាក់​សាំង​ខាង​លើ ដោយ​ចត​នៅ​គន្លង​ខាង​ស្ដាំ​ដៃ និង​លើ​ចិញ្ចើម​ផ្លូវ។ ក្រោយ​មក​ស្រាប់​តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បើក​បរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់ បាន​បើក​វ៉ា និង​បាន​មក​កៀរ​រថយន្ត​របស់​នាង​ដែល​ចត​ស្ងៀម​នោះ​បណ្ដាល​ឲ្យ​ខូច​ខាត​តែ​ម្ដង។

"ប្រសិន​ជា​ខ្ញុំ​ចុះ​ដោយ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន នឹង​មិន​មើល​កញ្ចក់​ចំហៀង ខ្ញុំ​ប្រាកដ​ជា​ស្លាប់"។ សូដា នីតា ថ្លែង។ ទំហំ​ខូច​ខាត​នោះ បើ​តាម​តារា​ស្រី គឺ​អស់​រាប់​ពាន់​ដុល្លារ​អាមេរិក​ឯណោះ។ ក្រោយ​ហេតុការណ៍ អ្នក​បើក​បរ​រថយន្ត​បង្ករ មិន​បាន​រត់​គេច​ទេ ប៉ុន្តែ​បាន​សុំ​សង​ប្រាក់​ចំនួន ២០០​ដុល្លារ​អាមេរិក ដែល​ប្រាក់​នេះ គឺ​ពួក​គេ​ទាំង​ពីរ ម្នាក់​បាន​យក​ចិញ្ចៀន​ទៅ​លក់ ម្នាក់​សុខ​ចិត្ត​ឲ្យ​ទូរសព្ទ​ម៉ូដែល iPhone 5 របស់​ខ្លួន​មក​តារា​ស្រី។

យ៉ាង​ណា សូដា នីតា សុខ​ចិត្ត​មិន​ទទួល តែ​សុំ​ឲ្យ​ពួក​គេ​ទាំង​ពីរ សុំ​ទោស​នាង​វិញ ព្រម​ទាំង​សន្យា​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​កើត​រឿង​លើក​ក្រោយ​ទៀត នាំ​ឲ្យ​ខូច​ខាត​ដល់​ជីវភាព​គ្រួសារ។ អ្នក​នៅ​ឈរ​មើល​ហេតុការណ៍ បាន​សាទរ​ចំពោះ នីតា និង​បាន​ស្ដី​បន្ទោស​ខ្លះ​ៗ​ទៅ​អ្នក​បើក​បរ​ទាំង​ពីរ និង​ស្នើ​ឲ្យ​បើក​បរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដូច​នឹង​ការ​ផ្ដាំ​ផ្ញើ​របស់​តារា​ស្រី​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;