កង​កម្លាំង​កម្ពុជា កំពុង​ស្វែងរកពលរដ្ឋខ្មែរ​២នាក់ ដែលបាត់ខ្លួន​ក្នុងហេតុការណ៍​បាក់ដីភ្នំ

  • 2019-09-18 06:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំងចម្រុះ​២៥នាក់ ដែលមាន​អាជ្ញាធរ កង​កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការ​រុករក​ប្រជាពលរដ្ឋខ្មែរ​ចំនួន​២នាក់ ដែលបាន​បាត់ខ្លួន នៅចំណុច​ព្រំដែនកម្ពុជា-ថៃ ច្រក​ពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ ដោយសារតែ​ពលរដ្ឋខ្មែរទាំង២រូបនេះ បាត់ខ្លួននៅ​ក្នុងទឹកដីថៃ ភាគីកម្ពុជា​ក៏បាន​នឹងកំពុង​សហការ​ជាមួយភាគីថៃ ដើម្បី​រុករក​ជនរងគ្រោះ​ផងដែរ។

ប្រតិបត្តិការ​នេះ កំពុង​ទទួលបានការយកចិត្តទុកដាក់ និង​បញ្ជា​ផ្ទាល់ពី​លោក គន់ គីម ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងជា​អនុប្រធាន​ទី១ នៃគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ខណៈដែល​ក្រុមការងារ កំពុងតែ​មមាញឹក​ក្នុងប្រតិបត្តិការ​រុករក។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃចន្ទ មានពលរដ្ឋ៧នាក់ បានចូល​ទៅក្នុងព្រៃ នៅចំណុច​ព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបាន​ជំនន់ទឹកភ្លៀង​វាយប្រហារ​បណ្តាល​ឱ្យដីភ្នំ​បាក់សង្កត់ ក្នុងនោះ​មានពលរដ្ឋ​៤នាក់ បាន​រត់រួចខ្លួន ម្នាក់រង​របួសធ្ងន់ និង២នាក់​បាត់ខ្លួន៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;