មកមើល​ចំណុចពិសេសៗរបស់ Mate 30/Mate 30 Pro ដែល Huawei ទើបតែប្រកាសចេញ

  • 2019-09-20 01:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Huawei បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​កំពូល​ប្រចាំ​ចុង​ឆ្នាំ​របស់​ខ្លួន ដែល​ជា​ម៉ូដែល Huawei Mate 30 និង Mate 30 Pro មាន​ទាំង​ប្រភេទ​ប្រើ​ប្រាស់​សេវា 4G និង​សេវា 5G។

Huawei Mate 30 Pro

Mate 30 Pro មាន​បំពាក់​នូវ​គ្រឿង​កាមេរ៉ា​ដ៏​ខ្លាំង​ដាច់​គេ​មួយ ដោយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​បួន ដែល​​មាន​កាមេរ៉ា​​កម្រិត ៤០ MP ចំនួន​ពីរ​គ្រាប់​ ជា​ប្រភេទ Super Sensing និង Ultra-Wide។ កាមេរ៉ា​ទាំង​ពីរ​អាច​ប្រើ​ប្រាស់​ Sensor ​វាស់​ជម្រៅ 3D ToF ដើម្បី​ផលិត​​ទិដ្ឋភាព Bokeh ពេល​ថត​វីដេអូ។

កាមេរ៉ា​ទី​​បួន​​គឺ​ជា​ប្រភេទ Telephoto ដែល​មាន​កម្រិត ៨ MP អាច​ធ្វើ​ Zoom Optical បាន 3X និង Optical Hybrid បាន 5X។ ជា​ការ​ប្រៀប​ធៀប​ P30 Pro អាច​ Zoom Optical 5X និង Hybid បាន 10X។

ចំពោះ​សមត្ថភាព​ថត​វីដេអូ​វិញ Mate 30 Pro អាច​ថត​វីដេអូ​កម្រិត 4K 60fps (ជា​លើក​ដំបូង​សម្រាប់​ស្មាតហ្វូន Huawei ហើយ​វា​មាន​សមត្ថភាព​ថត​វីដេអូ​កំពូល​យឺត​ក្នុង​ល្បឿន​ដល់ 7680fps ក្នុង​កម្រិត 720P។ មុខងារ​មួយ​ទៀត​គឺ​ការ​ថត​វីដេអូ Time-Lapse កម្រិត 4K និង​ទ្រាំទ្រ​នឹង HDR+ ទៀត​ផង។ ចំពោះ​ការ​ថត​​វីដេអូ​នៅ​ទី​ងងឹត​ វា​មាន​ ISO កម្រិត​ដល់ ៥២ ០០០។

កាមេរ៉ា Selfie កម្រិត ៣២ MP គឺ​មាន​បំពាក់​នូវ​ក្បែរ​កាមេរ៉ា​ 3D ថ្មី។ ​នៅ​ផ្នែក​ខាង​មុខ​ក៏​មាន​នូវ​ Sensor សម្រាប់​ចំណាំ​កាយ​វិការ ដើម្បី​ធ្វើ​ការ​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​កាយ​វិការ​ផង​ដែរ។ Sensor ខាង​មុខ​នេះ​ក៏​បាន​ប្រើ​ប្រាស់​នូវ NPU សម្រាប់​មុខងារ AI Auto-Rotate ដែល​វា​អាច​បង្វិល​អេក្រង់​ផ្ដេក​​ ឬ​បញ្ឈរ​ដោយ​ស្វ័យប្រវត្ត​​ផ្អែក​លើ​ទម្រង់​ក្បាល​របស់​អ្នក​ប្រើ​ប្រាស់។

​ស្មាតហ្វូន​នេះ​បំពាក់​នូវ​បន្ទះ​ឈីប Kirin 990 ដែល​​មាន​ទំហំ 7nm+ EUV និង​មាន​បំពាក់​ដោយ GPU Mali-G67 MP16 ដែល​មាន​កម្លាំង​ខ្លាំង និង GPU Turbo ដែល​ល្អ​ប្រសើរ​ជាង​មុន។ នៅ​ផ្នែក​ខាង​ក្នុង​ថែម​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ល្អ​ទៀត​ផង។

មិន​ទាន់​អស់​ទេ Mate 30 Pro មាន​បំពាក់​អេក្រង់​ OLED ទំហំ ៦,៥៣ អ៊ីញ​ដែល​មាន​គែម​សង​ខាង​កោង​​ដល់ ៨៨ ដឺក្រេ វា​អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១១៧៦x២៤០០ ភីកសែល, មាន HDR និង DCI-P3 Color Gamut។ អេក្រង់​នេះ​អាច​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប៊ិច​ M-Pen បាន​ទៀត​ផង។

ដោយ​សារ​តែ​ផ្នែក​សង​ខាង​គ្រប​ដណ្ដប់​ដោយ​អេក្រង់ ហេតុ​នេះ Huawei បាន​បំពាក់​នូវ​ប៊ូតុង​សិប្បនិម្មិត​មួយ​ចំនួន មាន​ដូច​ជា​ប៊ូតុង​សំឡេង និង​ថត​រូប។ Mate 30 និង 30 Pro គឺ​ដំណើរ​ការ​ដោយ​ EMUI10 នៅ​ពី​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។

Mate 30 Pro មាន​ល្បឿន​សាក​ថ្ម​ឥត​ខ្សែ​រហូត​ដល់ ២៧ វ៉ាត់, ល្បឿន​សាក​តាម​ខ្សែ​ធម្មតា​ ៤០ វ៉ាត់ ហើយ​មុខងារ​សាក​ថ្ម​ឲ្យ​​ឧបករណ៍​ផ្សេង អាច​សាក​បាន​លឿន​ជាង​មុខ​ ៣ ដង។

ស្មាតហ្វូន​នេះ​មាន RAM ទំហំ ៨ GB និង​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ១២៨ GB និង ២៥៦ GB ហើយ​មាន​​កន្លែង​សម្រាប់​ដាក់​មេមូរី​កាត​បាន​ទៀត​ផង។ តម្លៃ​របស់​ Mate 30 Pro គឺ​​​ ១ ១០០ អឺរ៉ូ (ប្រមាណ ១ ២១៦ ដុល្លារ) សម្រាប់​ទំហំ ២៥៦ GB និង ១ ២០០ អឺរ៉ូ (ប្រមាណ ១ ៣២៦ ដុល្លារ) សម្រាប់​ប្រភេទ 5G ដែល​នឹង​ចេញ​លក់​នៅ​អំឡុង​ខែ​តុលា ​នៅ​លើ​ទីផ្សារ​សកល​លោក។

Huawei Mate 30

Mate 30 គឺ​មាន​លក្ខណៈ​សម្បត្តិ​ខុស​ពី Pro បន្តិច​បន្តួច។ វា​មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,៦២ អ៊ីញ ប្រភេទ​រាប​ស្មើ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០x២៣៤០ ភីកសែល និង​ទ្រាំទ្រ HDR10, DCI-P3 ដូច​ម៉ូដែល Pro ដែរ។ ក្បាល​ឆក​របស់​វា​មាន​ទំហំ​តូច​ជាង ហើយ​ Sensor 3D ក៏​ខុស​គ្នា​ដែរ។

កាមេរ៉ា​ខាង​ក្រោយ​មាន​​ចំនួន ៣​ ដែល​កាមេរ៉ា​មេ​កម្រិត ៤០ MP, កាមេរ៉ា Telephoto កម្រិត ៨ MP, កាមេរ៉ា Ultra-Wide កម្រិត ១៦ MP អម​ដោយ​ Laser Focus ​ហើយ​​កាមេរ៉ា​មុខ​កម្រិត ២៤ MP។

Mate 30 ​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Kirin 990 ដូច​គ្នា ប៉ុន្តែ​វា​មាន​តែ​ប្រភេទ 4G ប៉ុណ្ណោះ។ ថាមពល​ថ្ម​មាន​ទំហំ ៤២០០ mAh អាច​សាក​ថ្ម​ល្បឿន​លឿន​ដូច​ម៉ូដែល Pro ប៉ុន្តែ​មាន​កម្រិត​ការពារ​ត្រឹម IP53 (ធៀប​នឹង Pro គឺ​ IP68)។

​Mate 30 នឹង​មាន​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ពេល​នេះ ហើយ​លើ​ទីផ្សារ​សកល​គឺ​មាន​នៅ​ខែ​តុលា ជា​មួយ​តម្លៃ​ ៨០០ អឺរ៉ូ (ប្រមាណ ៨៨៤ ដុល្លារ)។ វា​មាន​ RAM ទំហំ ៨ GB ដែរ ប៉ុន្តែ​មាន​អង្គ​ផ្ទុក ១២៨ GB (អាច​បន្ថែម​ទំហំ​ដោយ​មេមូរី​កាត) ហើយ​មិន​មាន​ប្រភេទ 5G ឡើយ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;