សម្ដេច ស ខេង៖ កម្ពុជា​មានឆន្ទៈ​រក្សា​ការ​អនុគ្រោះពន្ធ និង​បន្តទំនាក់ទំនង​ល្អ​ជាមួយ​ EU

  • 2019-09-26 01:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សភា​អាល្លឺម៉ង់​អំពី​ការ​ដោះស្រាយ​បញ្ហា EBA ជាមួយ​សហភាព​អឺរ៉ុប​ដែរ។ ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មាន​ឆន្ទៈ​រក្សា​ការ​អនុ​គ្រោះពន្ធ ព្រមទាំង​បន្ត​ទំនាក់​ទំនងល្អ​ជាមួយ​សហភាព​អឺរ៉ុប និងជាមួយ​គ្រប់ប្រទេស​ទាំងអស់។

សម្ដេច​ក្រឡាហោម បានបញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍នៃការផ្លាស់ប្ដូររបបពីអតីតកាល កម្ពុជាបានដឹងយ៉ាងច្បាស់ថា មានតែរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបើទោះបី​ជាមានការ​យល់ឃើញផ្សេងគ្នាខ្លះ ក៏ប៉ុន្តែគោលការណ៍នេះបានចាក់គ្រឹះនៅកម្ពុជាហើយ។

ការថ្លែងបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Gisela Hammerschidt តំណាងគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងប៊ែកឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ទស្សនកិច្ចនេះ គឺជាលើកទី២ហើយ បន្ទាប់ពីសម្ដេចធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការម្ដងរួចមកហើយ មុនពេលកម្ពុជាចាប់ផ្ដើមធ្វើកំណែទម្រង់ការងារទាំងពីរនេះ។

លោកស្រី Gisela Hammerschidt តំណាងគណៈកម្មាធិការសភា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងការកោតសរសើរ និងអបរសាទរចំពោះលទ្ធផលនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

លោកស្រី Gisela Hammerschidt ក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីអន្តរក្រសួងដែរថា ក្នុងកិច្ចពិភាក្សាគ្នានេះ គណៈកម្មាធិការសភារបស់លោកស្រីបានអញ្ជើញសាស្រ្តាចារ្យជំនាញ២រូប មកធ្វើបទឧទ្ទេសនាមអំពីការធ្វើវិមជ្ឈការ ក្នុងនោះក៏មានវិមជ្ឈការវិស័យសុខាភិបាលថ្នាក់ក្រោមជាតិដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;