នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីធ្វើសកម្មភាពប្រឆាំងឡើយ
- 2019-10-04 08:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ឯកភាពមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីធ្វើសកម្មភាពប្រឆាំងឡើយ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរក្សានូវសន្តិភាព និងសន្តិសុខរួម ជាពិសេសនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរព្រមទាំងបន្តរក្សាគោការណ៍នៃការមិនអនុញ្ញាតឲ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយទៀត។ នេះបើតាមការថ្លែងសេចក្តីប្រកាសព័ត៌មានរួមរបស់នាយករដ្ឋមន្រ្តីទាំង២ នៅក្រុងហាណូយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្ដីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ចនិងសង្គម ដែលកម្ពុជា និងវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើតការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋដែលរួមចំណែកដល់ការបន្តពង្រីកពង្រឹងតួនាទីនិងជំហររបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោក៕