ក្មេងស្រី​ជនបទ​ម្នាក់​នៅកម្ពុជា ដើរតួនាទី​ជំនួស​ឯកអគ្គរាជទូតស៊ុយអែត

  • 2019-10-11 06:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩នេះ ក្មេងស្រីម្នាក់ឈ្មោះ ស្រីភា អាយុ ១៥ឆ្នាំ មក​ពីខេត្តស្ទឹងត្រែង បាន​ដើរតួនាទី​ជា​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​នៅកម្ពុជា នា​ឱកាស​អបអរ​ទិវា​ក្មេងស្រី​អន្តរជាតិ។ នេះជា​កម្មវិធី «ក្មេងស្រី​កាន់តួនាទី​ជំនួស ឬ Girls Takeover» ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូតស៊ុយអែត និង​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា មានគោលបំណង​បង្ហាញ​ពី​សក្តានុពល និង​ភាព​ជាអ្នក​ដឹកនាំ​របស់​ក្មេងស្រី ហើយ​ជាមួយ​គ្នានេះ​ដែរ ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​យេនឌ័រ។

កម្មវិធីនេះ គឺ​ជាចលនា​សកលមួយ​ដែល​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម និង​នយោបាយ​សំដៅ​លុបបំបាត់​ឧបសគ្គនានា ការរើសអើង និង​ភាព​លម្អៀង​ដែលនៅតែរាំងស្ទះ​ដល់​វឌ្ឍនភាព​របស់​ក្មេងស្រី។ តាមរយៈ​ចលនា​នេះ ក្មេងស្រី​ទទួលបាន​ឱកាស​នានា​ដែល​ពួកគេ​មិនសូវបានឃើញ ឬស្តាប់លឺ ហើយ​វាបង្ហាញ​យ៉ាងច្បាស់​ថា​ពួកគេ​មានសិទ្ធិ​ចាប់​យកក្តី​ស្រមៃ​របស់ខ្លួន​​ដោយ​មិនមាន​ភាព​ភ័យ​ខ្លាច​អ្វីឡើយ។

ស្រីភា និយាយថា៖ «ក្នុង​សហគមន៍​របស់​ខ្ញុំ ក្មេងស្រី​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា ការ​រៀបការ​វ័យ​ក្មេង ការបោះបង់​ការ​សិក្សា ផ្នត់​គំនិត​យេនឌ័រ​អវិជ្ជមាន និង​កង្វះ​បុគ្គល​គំរូ​សម្រាប់​ក្មេងស្រី។ ការ​រៀបការ​វ័យក្មេង គឺ​ជាបញ្ហា​ធ្ងន់ធ្ងរ​ជាងគេដែល​ចង់​ដោះស្រាយ»។

កម្មវិធី​នេះ បាន​ផ្តល់​ឱកាស​ឱ្យ​នាង​ពិភាក្សាពីបញ្ហាការ​រៀបការ​វ័យក្មេង​ជាមួយ​ស្ថានទូតស៊ុយអែត។ នាង​ចង់ដឹង​វិធានការនានា​ក្នុងការ​បញ្ឈប់​ការ​រៀបការ​វ័យក្មេង​ដើម្បី​ឱ្យ​ក្មេងស្រី​អាច​សម្រេច​សក្តានុពល​របស់​ខ្លួន​បាន​ពេញលេញ។ នេះជាលើកឡើងបន្ថែមរបស់​ស្រីភា។

លោក Samuel Hurtig ភារៈធារី​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅកម្ពុជា និយាយថា៖ «ការ​កាន់តួនាទី​ជំនួស​របស់​ស្រីភា​នៅក្នុងស្ថានទូត​ស៊ុយអែត គឺ​ជាឱកាស​មួយ​ឆ្លុះ​បញ្ចាំង​ពីសិទ្ធិ​របស់​ក្មេងស្រី​ដែល​ជាផ្នែកមួយ​នៃគោលនយោបាយ​ការបរទេស​ស្តីពី​ស្រ្តីនិយមរបស់​ប្រទេស​ស៊ុយអែត និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ។ តាមរយៈការកាន់តួនាទី​ជំនួស​អ្នក​ដឹកនាំនេះ ស្រីភា​អាចលើកឡើង​ពី​បញ្ហា​របស់​ក្មេងស្រី​នៅក្នុងសហគមន៍​របស់​ខ្លួន​ដើម្បី​ធានាថា តម្រូវការ​ និង​សិទ្ធិ​របស់​ពួកគេ​មិនត្រូវបាន​មើល​រំលង។ នៅពេល​ក្មេងស្រីដូចជា ស្រីភា ទទួលបាន​ឱកាស​ស្មើភាព​ក្នុង​ជីវិត​ដូចអ្នកដទៃ នោះ​នាង​នឹង​អាច​ផ្លាស់ប្តូរ​ជីវិត និង​សហគមន៍​របស់​ខ្លួន តាមរយៈ​ការចូលរួមបង្កើត​ពិភពមួយ​ដែល​កាន់តែ​មាន​ភាព​ល្អប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប»។

ក្មេងស្រី និង​ស្រ្តីវ័យក្មេង នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​វិសមភាពយេឌ័រទាំងនៅផ្ទះ សហគមន៍ និង​កន្លែង​ធ្វើការ។ ពួកគាត់​មិនមាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុងផ្នែក​សេដ្ឋកិច្ច មិនសូវបាន​ចូលរួម​ក្នុងការធ្វើ​សេចក្តី​សម្រេច​ចិត្ត​សាធារណៈ និង​ចូលរួម​ក្នុងកិច្ចការ​នយោបាយ ក៏ដូចជា​ប្រឈមនឹង​អំពើ​ហិង្សា​ផ្លូវកាយ និង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួនផងដែរ។

ចំណែក​លោកស្រី Gwynneth Wong នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លើកឡើង​ថា ក្មេងស្រី​នៅទូទាំង​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ធំៗជាច្រើន​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន។ ជាញឹកញាប់​ ក្មេងស្រី​គ្មាន​អំណាច​លើការសម្រេចចិត្ត ឬ​ជម្រើសរបស់​ខ្លួន​ឡើយ។ នៅ​ពេល​ដែលក្មេងស្រី​មាន​ឱកាស​និយាយ និង​ដើរ​តនាទី​ជាអ្នកដឹកនាំ ពួកគេ​នឹងលើកឡើង​យ៉ាង​ច្បាស់​ពីគំនិត​ ក្តីស្រមៃ និង​មតិយោបល់​របស់​ខ្លួន។

លោកស្រី​បន្តថា រដ្ឋាភិបាល​ស៊ុយអែត និង​អង្គការ​ភ្លែន​អន្តរជាតិ​អំពាវនាវឱ្យមាន​ការ​បង្កើន​ការវិនិយោគ​លើ​អំណាច និង​ភាព​ជាអ្នក​ដឹកនាំ​របស់​ក្មេងស្រី និង​ស្រ្តីវ័យក្មេង​ដើម្បី​បញ្ឈប់ការរៀបការ​វ័យក្មេង៕

អត្ថបទ និងរូបថត៖ ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា

អត្ថបទថ្មី
;