សម្តេច ហ៊ុន សែន នឹងទៅកាន់ប្រទេសទាំង៣នេះ ក្នុងរយៈពេល៥ថ្ងៃ

  • 2019-10-11 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន៣ នៅ​អឺរ៉ុប ពីថ្ងៃទី១៣ ដល់ ១៧ ខែតុលា ឆ្នាំ​២០១៩ រួមមាន៖

១.សាធារណរដ្ឋឆែក ពីថ្ងៃទី ១៣-១៤ តុលា

-សម្តេច ហ៊ុន សែន នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយលោក Jaroslav Kubera ប្រធាន​ព្រឹទ្ធសភា​ឆែក

-បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត សម្តេច ហ៊ុន សែន និង​លោក អេនដ្រេហ្គ បាប៊ីស នឹង​ជួប​ពិភាក្សា​ទ្វេភាគី​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។ នាយករដ្ឋមន្រ្តី​ ក៏នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជាការ​យកចិត្តទុកដាក់រួម។ ក្រោយ​ជំនួប​នេះ នាយករដ្ឋមន្រ្តី​ទាំង២ នឹង​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពីកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា។

២. ហុងគ្រី ថ្ងៃទី​១៥តុលា

-សម្តេច ហ៊ុន សែន នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូលស្តីពីទឹក លើកទី៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៩ នៅទីក្រុងប៊ុយដាប៉ែស។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» ដែល​នឹង​ផ្តល់​ឱកាស​ដល់​ថ្នាក់​ដឹកនាំ និង​អ្នកចូលរួម​ទាំងអស់​ចែករំលែក​បទពិសោធន៍ និង​ផ្លាស់ប្តូរ​ទស្សនៈ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា ទាំងនៅក្នុងតំបន់ និង​សកលលោក​នាពេលបច្ចុប្បន្ន សំដៅ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាននូវ​ការរីកលូតលាស់​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន ជា​ពិសេស​ទប់ស្កាត់​វិបត្តិ​ទឹក​ឱ្យបាន។

-សម្តេច ក៏​នឹង​អញ្ជើញជួប​សម្តែង​ការគួរ​សម​ជាមួយ​លោក​ យ៉ាណូស អាឌ័រ ប្រធានាធិបតី​ហុងគ្រី ព្រមទាំង​ទទួល​ការចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយលោក Li Yong អគ្គនាយក​អង្គការ​អភិវឌ្ឍឧស្សាហកម្ម​សហប្រជាជាតិ។

៣. ប៊ុលហ្គារី ១៥-១៦ តុលា

-សម្តេច​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក បូយកូ បូរីសសុវ នាយករដ្ឋមន្រ្តី​ប៊ុលហ្គារី ដោយ​នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី តំបន់​ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការបារម្ភ​រួមគ្នា។ នៅចុងបញ្ចប់​នៃ​ជំនួប នាយករដ្ឋមន្រ្តីទាំង២ នឹង​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយចំនួន៕

ប្រភព៖ ក្រសួងការបរទេស

អត្ថបទ៖ សំភី

អត្ថបទថ្មី
;