អ្នកចាំទីអ៊ីរ៉ង់ ដែលចាប់បាល់ប៉េណាល់ទីរបស់ Ronaldo និងកែវ សុខផេង មានប្រវត្តិតស៊ូមិនធម្មតា!
- 2019-10-11 10:44:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីអ៊ីរ៉ង់ ដែលចាប់បាល់ប៉េណាល់ទីរបស់ Ronaldo និងកែវ សុខផេង មានប្រវត្តិតស៊ូមិនធម្មតា!
ចន្លោះមិនឃើញ
អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ Alireza Beiranvand បានបង្កភាពភ្ញាក់ផ្អើល ក្រោយជួយសង្រ្គោះបាល់ប៉េណាល់ទី ដែលស៊ុតដោយ Cristiano Ronaldo កាលពី FIFA World Cup 2018 ជួយឲ្យអ៊ីរ៉ង់ ស្មើព័រទុយហ្គាល់។ អ្នកចាំទីវ័យ ២៧ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាស្គាល់ច្បាស់ម្ដងទៀត ពេលជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ កែវ សុខផេង ក្នុងវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ី កាលពីថ្ងៃទី១០ ខែតុលា។
Alireza Beiranvand បានកើតក្នុងគ្រួសារជាអ្នកគង្វាលសត្វពនេចរ នៅខេត្ត Lorestan ភាគខាងលិចប្រទេសអ៊ីរ៉ង់។ កាលពីកុមារភាព Alireza បានធ្វើការងារដ៏លំបាកជាច្រើន ដើម្បីសម្រាលបន្ទុកគ្រួសារ ដូចជាធ្វើនៅរោងចក្រសម្លៀកបំពាក់ ធ្វើនៅកន្លែងលាងរថយន្ត នៅហាងភីហ្សា និងសូម្បីតែជាអ្នកបោសសម្អាតតាមដងផ្លូវ ក៏កុមាររូបនេះ ធ្លាប់ធ្វើដែរ។
Alireza ចាប់ផ្ដើមស្រលាញ់បាល់ទាត់ តាំងពីអាយុ ១២ឆ្នាំ ដោយលេងនៅក្រុមតូចមួយក្នុងតំបន់ ប៉ុន្តែក្រោយមក ក៏ត្រូវបានឪពុកហាមឃាត់ ឈប់ឲ្យលេងបាល់។ ដោយសារតែចិត្តស្រលាញ់ពេក យុវជនរូបនេះ បានសម្រេចចិត្តរត់ចេញពីផ្ទះ ធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីស្វែងរកឱកាសក្លាយជាកីឡាករក្នុងក្លឹបបាល់ទាត់ធំមួយនៅឯរដ្ឋធានីរបស់អ៊ីរ៉ង់។
ពេលទៅដល់រដ្ឋធានី Alireza បានគេងតាមចិញ្ចើមផ្លូវ ក្បែរក្លោងទ្វារចូលក្លឹបបាល់ទាត់ ដែលខ្លួនកំពុងធ្វើតេស្តសមត្ថភាព ដែលធ្វើឲ្យគេគ្រប់គ្នា គិតថាគាត់ជាអ្នកសុំទាន។ ក្រោយមក ក្រោយជាប់តេស្តសម្ថភាព ទើបរូបគេទទួលបានប្រាក់ខែបន្តិចបន្តួច អាចរកកន្លែងស្នាក់នៅបាន។
ទោះជួបឧបសគ្គជាច្រើន តែ Alireza បានពុះពារហែលឆ្លង រហូតជាប់ក្នុងក្រុម U-23 នៃក្លឹប Naft Tehran និងបន្ទាប់មក ក្លាយជាអ្នកចាំទីក្រុមឈុតធំ នៃក្លឹបដដែលនេះ។ នាឆ្នាំ២០១៥ គាត់បានក្លាយជាអ្នកចាំទីដៃទី១ របស់ជម្រើសជាតិអ៊ីរ៉ង់។ ៣ឆ្នាំបន្ទាប់ទៀត គាត់បានបង្កើតប្រវត្តិសាស្រ្ដ ក្លាយជាអ្នកចាំទី ដែលអាចជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Ronaldo នៅ World Cup។
បច្ចុប្បន្ន Alireza លេងនៅក្លឹប Persepolis ក្រោយផ្លាស់ចេញពី Naft Tehran កាលពីឆ្នាំ២០១៦។ នៅលីគកំពូលអ៊ីរ៉ង់ កីឡាកររូបនេះ បានឈ្នះពានអ្នកចាំទីល្អបំផុត ៤រដូវកាល និងឈ្នះពានកីឡាករអ៊ីរ៉ង់ល្អបំផុត នាឆ្នាំ២០១៩ នេះផងដែរ។
វីដេអូ Alireza Beiranvand ជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Ronaldo៖
វីដេអូ Alireza Beiranvand ជួយសង្រ្គោះបាល់ប៉េណាល់ទី កែវ សុខផេង៖