រូប​ដំរី​រណារ​យន្ត ដែល​ប្រមូល​​ពី​បទ​ល្មើស​ព្រៃ​ឈើ​នឹង​ដាក់​​តាំងនៅខេត្ត​មណ្ឌលគិរី

  • 2019-10-14 01:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​សំណាក​​សត្វ​ដំរី​កសាង​ឡើង​ដោយ​ប្រើប្រាស់​រណារ​យន្ត​ដែល​ជា​វត្ថុ​តាង​ប្រមូល​បាន​ពី​បទ​ល្មើស​ធនធាន​ធម្មជាតិ បាន​សាងសង់រួចរាល់ជាស្ថាពរ ហើយ​គ្រោង​នឹង​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈនៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរីនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​គឺជាការថ្លែងឱ្យដឹងរបស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្រ្តី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩ ។

លោក​បានឱ្យដឹងថា រូបសំណាកសត្វដំរី ដែលធ្វើពីវត្ថុតាងរណារយន្តមានទំហំដូចខាងក្រោម ៖ ទី១) កម្ពស់ ២,៨០ ម៉ែត្រ (គិតពីបាតជើងដល់ចុងប្រមោយខាងលើ) ទី២-បណ្ដោយប្រវែង ៣,១០ ម៉ែត្រ (គិតពីក្បាលដល់ជើងក្រោយ) ទី៣)-ទទឹងចន្លោះពី ០,៩០ ម៉ែត្រ ទៅ ១ ម៉ែត្រ (គិត​ពី​ទំហំ​តួខ្លួន) ហើយបានប្រើប្រាស់វត្ថុតាងរណារយន្តសរុប៣០០ គ្រឿងក្នុងនោះមានម៉ាស៊ីនរណារយន្ត និង​ផ្លែរណារយន្ត ព្រមទាំងគ្រឿងម៉ូតូប្រព្រឹត្តបទល្មើស។

លោក​បាន​បន្ត​ថា៖ «រូប​សំណាក​សត្វ​ដំរីសាង​សង់​ឡើង​នៅ​ក្នុង​គោល​បំណង​បង្ហាញ​ដល់​សាធា​រណ​ជន​ឲ្យ​បាន​ឃើញ​ពី​វត្ថុតាង​រណារយន្តដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ដកហូត និង​ប្រមូល​យក​មក​រក្សាទុក​នៅ​តាម​បណ្ដាស្នាក់ការដែនជម្រកសត្វព្រៃទាំង ៥ តំបន់ ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​មណ្ឌលគិរី។ ជាង​នេះ​ទៅ​ទៀត​ក៏​ចង់បង្ហាញប្រាប់ថា រណារយន្ត គឺ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទ​ល្មើស​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ និង​ក្នុង​ន័យ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​រណារ​យន្ត​ដែល​នាំឲ្យ​មាន​ការ​បំផ្លិញ​បំផ្លាញ​ធន​ធាន​ធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក ១ ក្បាល​ដែល​ធ្វើពី​វត្ថុតាង​រណារយន្ត និង​ចង់​ពញ្ញាក់​ស្មារតីរ​បស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពការ​ពារនិង​អភិរក្ស​ហ្វូង​សត្វ​ដំរី​រស់ក្នុង​គោល​ដៅ​បង្កើន​ប្រាក់ចំណូល​ពីវិស័យទេសចរណ៍​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី»៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;