ទូតជប៉ុនថ្មី ប្ដេជ្ញា​ជំរុញ​ទទួលកម្មសិក្សាការី និង​ពលករជំនាញពីកម្ពុជាបន្ថែម

  • 2019-10-14 08:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក MIKAMI Masahiro ឯកអគ្គរាជទូតថ្មី​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញការប្ដេជ្ញាថា ក្នុង​អាណត្តិ​ការងារ​ថ្មីនៅកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់​កម្ម​សិក្សា​ការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើន ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ថែម​ទៀត។ ការ​លើ​ឡើង​នៅ​ក្នុង​ជួប​ពិភាក្សា​ការងារ​ជា​មួយ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាល​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក MIKAMI Masahiro បានឱ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែល​កំពុង​ដំណើរ​ការ​នៅប្រទេសកម្ពុជា ដោយពួកគេបានរាយការណ៍ និង​កោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ ពិសេស​គឺ​មាន​ភាព​អត់​ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។

លោក​បន្ថែមថា នេះ​ក៏មិនខុសពីការលើកឡើងរបស់និយោជក និង​តំណាង​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន ដែល​បាន​ទទួល​កម្មសិក្សាការីកម្ពុជា ធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺ​ពួក​គេ​ពិត​ជា​មាន​ការ​ពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជាជាពន់ពេក។

លោក អ៉ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និង​ការ​ជំរុញ​ឱ្យ​មាន​កិច្ច​ប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះ​លក្ខខ​ណ្ឌការ​ងារ​របស់​និយោជក​ជប៉ុន ដែល​កំពុង​បើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូច​ជា​លក្ខខណ្ឌ​ការងារ​នៅ​ប្រទេស​ជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;