លោក ហ៊ុន ម៉ាណែត ជួប​មេ​បញ្ជា​ការ នៃបញ្ជាការ​ដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ពជើងគោក​កូរ៉េ

  • 2019-10-16 01:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​ចំពោះ​គណៈ​ប្រតិភូ​កងទ័ព​សាធារណរដ្ឋ​កូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជា​ពិសេស​បាន​មក​ចូល​រួម​អប​អរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃ​កង​ទ័ព​ជើង​គោក​កម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោកផងដែរ។ ជំនួបនេះ ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ។

មេ​ទ័ពជើងគោក​កម្ពុជា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ និង​បាន​ថ្លែងអំណរគុណចំពោះកងទ័ពនៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែបានគាំទ្រ និង​ផ្តល់​ជំនួយ​សហប្រតិបត្តិការជាច្រើនដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារ បរិក្ខា ជំនាញ បចេ្ចក​ទេស និង​ការ​ចែករំលែកនូវបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព និងការបណ្តុះ បណ្តាល​ធនធាន​មនុស្ស​ក្នុងកងទ័ព សំដៅបម្រើដល់ផលប្រយោជន៍រួម នោះគឺសុខសន្តិភាព និងស្ថិរភាពតំបន់។

នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក គីម ជុងស៊ូ មេ​បញ្ជាការ​បញ្ជា​ការ​ដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ព​ជើងគោក​នៃសាធារណរដ្ឋកូរ៉េ បាន​ថ្លែង​អំណរគុណ​ចំពោះ​មេបញ្ជាការ​កងទ័ព​ជើង​គោក​កម្ពុជា ដែល​បាន​អនុញ្ញាត​ទទួល​ជួប​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​កងទ័ព​នៃ​សាធារណ​រដ្ឋ​កូរ៉េ។ លោកបានកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុង​នោះ​វិស័យ​ការពារជាតិ​ក៏​មាន​ភាព​រីកលូតលាស់ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួង​ការ​ពារ​ជាតិ​នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈរួមគ្នាមួយ ដើម្បី​បង្កើត​ទំនាក់​ទំនង​លើវិស័យ​ការ​ពារ​ជាតិ ដែលនឹងផ្តល់ឱកាសដល់អង្គភាពយោធានៃប្រទេសទាំងពីរ អាច​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​គ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;