កម្ពុជា-វៀតណាម​ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារព្រំដែន

  • 2019-10-30 01:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈប្រតិភូកងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ចូល​រួម​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំ​ឆ្នាំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ ការងារគ្រប់គ្រង និងការពារព្រំដែឆ្នាំ២០១៩-២០២០ ជាមួយ​នឹង​បញ្ជាការដ្ឋាន​កង​ទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​រដ្ឋធានី​ហា​ណូយ កាល​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។

នៅ​ក្នុងដំណើរបំពេញទស្សនកិច្ច លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ មេ​បញ្ជាការ​កង​ទ័ពជើងគោក បាន​ចូល​រួម​កិច្ច​ប្រជុំ​ប្តូរ​វេន​ប្រចាំ​ឆ្នាំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារ​ព្រំដែនឆ្នាំ ២០១៩-២០២០ ជាមួយនឹងឧត្តមសេនីយ៍ទោ ហ័ង សួន​ចៀន មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គម​និយមវៀតណាម។

ក្នុងនោះភាគីទាំងពីរបានធ្វើការពិនិត្យ ពិភាក្សា បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារព្រំដែន ក្នុង​ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។ ភាគី​ទាំង​ពីរ បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​កន្លង​មក​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់​ធ្នាប់​សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែល​អំណោយ​ផល​ដល់​ការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្មទៅវិញទៅមក និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ធានា​បាននូវភាពសុខសាន្ត និងឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់គ្នា។

លទ្ធផលទាំងនេះ គឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងបញ្ជាការការដ្ឋានកងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព ការ​យោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ដោយ​មាន​ការ​គាំទ្រ​របស់​ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក៏ដូចជាការចូលរួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

សម្រាប់​ទិសដៅឆ្នាំ២០១៩-២០២០ ខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀតលើការងារគ្រប់គ្រង និងការពារព្រំដែន ដោយ​ផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ និង​ការងារ​ហ្វឹកហ្វឹន​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។

នៅ​ចុង​បញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី និង​ការ​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅ​វិញទៅមកក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និង​ស្មារតី​កិច្ច​សហ​ប្រតិបត្តិ​ការ​ខ្ពស់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;