ជប៉ុន​ជួយ​ទៀត​ហើយ!ផ្តល់ជំនួយជិត​៣០​លាន​ដុល្លារ​សង់រោងចក្រ​ប្រព្រឹត្តកម្មទឹកកខ្វក់

  • 2019-11-01 03:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន និង​ក្រ​សួង​សេដ្ឋ​កិច្ច​​នៅ​ថ្ងៃនេះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ហិរញ្ញប្បទានឥតសំណងជិត​៣០​លាន​ដុល្លារ​សំរាប់​អនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុង រាជធានីភ្នំពេញ។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន​ហៅ​កាត់​ថា​JICA ដែល​បាន​ចេញ​ផ្សាយ​កកាលពី​ម្សិល​មិញ​ឲ្យដឹងថា​នៅ​ថ្ងៃនេះ​ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន និង​ក្រ​សួង​សេដ្ឋកិច្ច​នឹង​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​លើ​ហិរញ្ញប្បទានឥតសំណង២ ៧៧៧ លានយ៉េន ឬប្រមាណជា ២៧ លានដុល្លារអាមេរិក។

ជំនួយ​នេះ​នឹង​​ប្រើ​លើ​គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ​កន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២ ០០០ ម៉ែត្រ មុខកាត់ ៥០០ ម.ម ភ្ជាប់ពីស្ថានីយ៍បូមទឹក​កខ្វក់បឹងត្របែក។

ប្រភព​បន្តថា​រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ប្រមាណ ៣២ខែ។ បន្ថែមពីលើការសាងសង់ គម្រោងក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការនិងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ​ផងដែរ។

គួរ​រំលឹកថា រាប់ទាំងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ៤គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៨ ០៥៥ លានយ៉េន ត្រូវជាប្រមាណ ៧៧ លានដុល្លារអាមេរិក ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៤៣ លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណជិត ៣៤ លាន ដុល្លាអាមេរិក៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;