នឹងមានទីក្រុងលិចទឹកច្រើនជាងមុននៅឆ្នាំ ២០៥០ ដោយការកើនឡើងកម្ពស់ទឹកសមុទ្រ

  • 2019-11-04 07:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​កើន​ឡើង​នៃ​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ​អាច​នឹង​​ផ្ដល់​ផល​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ជាង​មុន​នៅ​ត្រឹម​ឆ្នាំ ២០៥០ បើ​ប្រៀប​ធៀប​នឹង​ការ​ព្យាករណ៍​ពេល​មុន។ នេះ​បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​វិទ្យាសាស្ត្រ​ Climate Central មាន​មូលដ្ឋាន​នៅ​រដ្ឋ​ New Jersey សហរដ្ឋអាមេរិក ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​កន្លង​ទៅ។

​​ការ​សិក្សា​ថ្មី​នេះ​មាន​ភាព​ច្បាស់​ការណ៍​ជាង​មុន ដោយ​គេ​ធ្វើ​ការ​គណនា​ការ​បាត់​ផ្ទៃ​ដី​គោក​ដោយ​ផ្អែក​តាម​ការ​មើល​តាម​រយៈ​ផ្កាយ​រណប ហើយ​គេ​រក​ឃើញ​ថា​តួ​លេខ​​ចាស់ និង​តួ​លេខ​ថ្មី​មាន​ការ​ខុស​គ្នា​ច្រើន។ តួ​លេខ​ថ្មី​បង្ហាញ​ថា​មាន​​ប្រជាជន​ ១៥០ លាន​នាក់​​កំពុង​រស់​លើ​ដី​គោក​​ដែល​នឹង​ស្ថិត​នៅ​ក្រោម​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ​នៅ​ត្រឹម​ឆ្នាំ ២០៥០។

​​​ជាក់​ស្ដែង​រូបភាព​ខាង​លើ​គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​ការ​ព្យាករណ៍​ចាស់ (ខាង​ឆ្វេង) និង​ថ្មី (ខាង​ស្ដាំ)។ រូបភាព​ថ្មី​បាន​ថា​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ប្រទេស​វៀតណាម នឹង​ស្ថិត​នៅ​ក្រោម​​ទឹក​ជម្រៅ​ជ្រៅ។ មាន​មនុស្ស​ជាង ២០ លាន​នាក់ នៅ​វៀតណាម (ស្មើ​នឹង​ជិត ១/៤ នៃ​ប្រជាជន​សរុប) រស់​នៅ​លើ​ដី​ដែល​នឹង​លិច​ទឹក។

ភាគ​ច្រើន​នៃ​ទីក្រុង​ហូជីមិញ ដែល​ជា​មណ្ឌល​សេដ្ឋកិច្ច​របស់​ប្រទេស អាច​នឹង​បាត់​ខ្លួន។ គួរ​ដឹង​ថា​ការ​សិក្សា​នេះ​មិន​បាន​រាប់​បញ្ចូល​នូវ​ការ​កើន​ឡើង​ចំនួន​ប្រជាជន ឬ​ការ​បាត់​បង់​ទឹក​ដី​នា​ពេល​អនាគត​នោះ​ទេ។

ចំណែក​នៅ​ប្រទេស​ថៃ មាន​ប្រជាជន​ជាង ១០% នៃ​ចំនួន​ប្រជាជន​សរុប កំពុង​រស់​នៅ​លើ​ដី​ដែល​ទំនង​ជា​នឹង​លិច​នៅ​ត្រឹម​ឆ្នាំ ២០៥០ ប្រៀប​ធៀប​នឹង​តួ​លេខ​មុន​​មាន​ត្រឹម ១% ប៉ុណ្ណោះ។ ទីក្រុង​បាងកក​ក៏​នឹង​រង​ការ​ប៉ះពាល់​ធ្ងន់​ផង​ដែរ។

នៅ​ទីក្រុង​សៀងហៃ ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​សំខាន់​បំផុត​នៅ​អាស៊ី មាន​ទឹក​គំរាម​កំហែង​យក​បេះដូង​នៃ​ទីក្រុង​នេះ និង​​ទីក្រុង​ជា​ច្រើន​ទៀត​ដែល​នៅ​ជុំវិញ​វា។ ការ​ព្យាករណ៍​ថ្មី​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា​ផ្នែក​ភាគ​ច្រើន​នៃ​ទីក្រុង​ម៉ុមប៉ៃ ​ប្រទេស​ឥណ្ឌា​ ក៏​ប្រឈម​នឹង​ការ​បាត់​បង់​ដី​គោក​ផង​ដែរ។ ​​

ទីក្រុង​ Alexandria ប្រទេស​អេហ្សីប​​ក៏​អាច​នឹង​បាត់​បង់​ដោយ​សារ​ការ​​កើន​ឡើង​នៃ​កម្ពស់​ទឹក​សមុទ្រ​ផង​ដែរ។ ឯ​ទីក្រុង​ Basra ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​នៅ​ប្រទេស​អ៊ីរ៉ាក់ ភាគ​ច្រើន​អាច​នឹង​លិច​លង់​ដោយ​សារ​ទឹក​នៅ​​ត្រឹម​​ឆ្នាំ ២០៥០៕​

ចុចអាន ៖ កន្លែង​ទាំង​១០​ នៅមីយ៉ាន់ម៉ា​ បើបាន​ទៅ ធានា​ថា​មិន​ខក​បំណង​ទេ ​​

ប្រភព៖ nytimes ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;