រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង​ប្រកាស​ផ្ដល់​ម៉ាំ​ល្ហុង​ញាំ Free ៥​ឆ្នាំ​ដល់​ជយលាភី X Factor Cambodia

  • 2019-11-05 04:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ពាន​រង្វាន់ X Factor Cambodia ២០១៩ បាន​រក​ឃើញ​ហើយ​កាល​ពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ ដោយ​បាន​ទៅ​លើ បេក្ខជន ចាន់ សុបញ្ញា។ ទន្ទឹម​គ្នា​នោះ​ដែរ លោក បូរ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង​ដែល​ជា​មនុស្ស​ម្នាក់​និយមធ្វើ​​រឿង​ប្លែកៗ​នោះ បាន​ថ្លែង​មក​កាន់ Sabay ថា លោក​​សូម​ប្រកាស​ផ្ដល់​ម៉ាំ​ល្ហុង Free ដល់​ជយ​លាភី រួម​ទាំង​៣​នាក់​ទៀត​ដែល​មក​ដល់​វគ្គ​ផ្ដាច់​ព្រាត់ នៃ​កម្មវិធី X Factor Cambodia ញ៉ាំ​ដោយ​មិន​គិត​ប្រាក់ រយៈ​ពេល​៥​ឆ្នាំ​ពេញ​តែ​ម្ដង​។

ហេតុ​ផល​ដែល​នាំ​ឲ្យ អ្នក​លក់​ម៉ាំ តុបតែង​ខ្លួន​ដូច​រដ្ឋមន្ត្រី​រូប​នេះ​សម្រេច​ផ្ដល់​ជូន ដល់​ជយលាភី​ទាំង​៤នាក់​នោះ ត្រូវ​បាន​លើក​បញ្ជាក់​ថា មិន​មែន​ចង់​ទាញ​យក​ប្រជាប្រិយភាព​តាម ពួក​គេ​ឡើយ គឺ​ដោយសារតែ​ការ​ស្រលាញ់​ពេញ​ចិត្ត​លើ សមត្ថភាព​របស់​ពួក​គេ​ទាំង​៤​នាក់​នោះ​តែ​ម្ដង។ "គេ​មាន​លុយ​គេ​ឧបត្ថម្ភ​លុយ​រាប់រយ​រាប់​ពាន់ តែ​ខ្ញុំ​មាន​តែ​ម៉ាំ អីចឹង​​ខ្ញុំ​ជូន​ប្អូន​ៗ បើ​ចង់​ញាំ ៥ឆ្នាំ​ពេញ​តែ​ម្ដង ឲ្យ​តែ​ឃើញ​ខ្ញុំ​លក់​​កន្លែង​ណា​មក​យក ខ្ញុំ​ជូន​អត់​គិត​ប្រាក់​​ទេ ខ្ញុំ​ពេញ​ចិត្ត​ពួក​គាត់​ណាស់" លោក បូរ៉ា លើក​ឡើង។

ការ​ផ្ដល់​ជូន​នេះ មិន​សំដៅ​ដែល លើ​ម៉ាំ​ល្ហុង​​១​មុខ​ទេ លោក​មាន​លក់​គ្រឿង​ក្លែម​ផ្អាប់​ជា​ច្រើន​មុខ​ទៀត ជ្រក់​ជើង​មាន់ ជ្រក់​ឆៃថាវ ជ្រក់​ត្រពាំង ក្ដាម​ប្រៃ ជា​ដើម អីចឹង​ចង់​​បាន​​មុខ​ណា​ក៏​បាន។ បន្ថែម​លើ​នេះ លោក បូរ៉ា និយាយ​ថា ប្រសិន​បើ​​ពួក​គេ​មាន​កម្មវិធី​ជប់​លៀង ឬ​កម្មវិធី​ជួបជុំ​សាច់ញាតិ​មិត្តភ័ក្ដិ ដើម្បី​អបអរ ត្រឹម ១០០ទៅ ២០០ កញ្ចប់​​លោក​ដឹក​ជូន​ភ្លាម​ដោយ មិន​គិត​ប្រាក់​ឡើយ គ្រាន់​តែ​ទូរស័ព្ទ​មក​លោក​​ជា​មុន ដើម្បី​ស្រួល​រៀបចំ​ទុក​ជូន។

"ម្នាក់​ៗ​មិន​មែន​មាន​កម្មវិធី​រាល់​ថ្ងៃ​ទេ ​ត្រឹម​ជប់​លៀង ឬ ខួប​កំណើត ពួក​គាត់​អី​វិន ត្រឹម ១០០ទៅ ២០០ កញ្ចប់​​​ខ្ញុំ​ឲ្យ​គេ ដឹក​ជូន​ភ្លាម​ ទូរស័ព្ទ​ប្រាប់​មុន​មក"។ រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង ថ្លែង​បញ្ជាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia បាន​បញ្ចប់​ហើយ​ថ្ងៃ​ទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​នេះ មាន​បេក្ខជន​ចំនួន​៤នាក់ ក្នុង​នោះ​មាន បេក្ខជន សំ សុវណ្ណារ៉ាក់ បេក្ខជន ចាន់ សុ​បញ្ញា បេក្ខជន គង់ ចំរើន និង​បេក្ខជន ចាន់ កូម៉ែន។ ជា​លទ្ធផល បេក្ខជន ចាន់ សុបញ្ញា ជា​ម្ចាស់​ជ័យ​លាភី​លេខ១ ទទួល​បាន​ទឹក​ប្រាក់​១០០​លាន​រៀល រួម​ការ​ឧបត្ថម្ភ​ជា​ច្រើន​ទៀត ៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី
;