សម្ដេច ហ៊ុន សែន នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំកំពូល២​ នៅ​កូរ៉េ​ខាងត្បូង​ចុង​ខែ​នេះ​​​

  • 2019-11-21 04:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការអញ្ជើញរបស់ លោក មូន ចែអ៊ីន(Moon Jae-in) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុង​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេច នឹង​ឡើង​ថ្លែង​សុន្ទរ​កថា​ចំនួន​ពីរ​ដង ដោយផ្តោតជាសំខាន់ទៅលើ៖

១) ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ រយៈពេល៣០ឆ្នាំ និង​ទិស​ដៅ​អនាគត​ក្នុង​កិច្ច​ខិតខំ​ដើម្បី​សម្រេចឲ្យបាននូវសមាហរណកម្មតំបន់ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​វិស័យ​នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

២) ការលើកកម្ពស់ការតភ្ជាប់ ស្របពេលជាមួយកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍​អាស៊ាន-សាធារណរដ្ឋ​កូរ៉េនេះ សម្តេច នឹង​រួមជាមួយថ្នាក់ដឹកនាំដទៃទៀតនៃ​ប្រទេស​សមាជិក​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ ក៏នឹងអញ្ជើញទស្សនាព្រឹត្តិការណ៍សំខាន់ចំនួនពីរ រួមមាន ការ​បង្ហាញ​នៃ​ការ​ចាប់​ផ្ដើម​និង​វឌ្ឍនភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការបង្ហាញ នវានុវត្តន៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩៕

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែង សុន្ទរ​កថាដោយផ្តោតលើ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងផែនការឆ្ពោះទៅមុខដែល​ស្របជាមួយគោលនយោបាយភាគខាងត្បូងថ្មី។ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់​ដឹក​នាំនៃប្រទេសមេគង្គនិងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍ពិសេសស្តីពីកិច្ច​សហប្រតិបត្តិការជីវៈចម្រុះរវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ។

សម្តេច​នាយករដ្ឋមន្រ្តី នឹងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ ពី​សាកលវិទ្យាល័យសិក្សាអន្តរជាតិប៊ូសាន ដោយសារសាកលវិទ្យាល័យនេះបានមើលឃើញ និង​ទទួល​ស្គាល់ពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងការសម្រេចបានសមិទ្ធផលយ៉ាងធំធេង ក្នុង​ការ​ធ្វើ​ឲ្យមានស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏​ដូច​ជា​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្នុង​អំឡុងពេលស្នាក់នៅទីក្រុងប៊ូសាន សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរ​សមដោយ លោក អូ កែ-ដុន (Oh Keo-don) អភិបាលទីក្រុងប៊ូសាន។ សម្តេចតេជោ ក៏​នឹង​ជួប​សំណេះ​សំណាល​ជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងតែ រស់​នៅ​ក្នុង សាធារណរដ្ឋកូរ៉េផងដែរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹង​គូស​បញ្ជាក់​អំពី​ខួប​លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ពីកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឲ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។ លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹង​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និង​បណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដរបស់ប្រជាជនខ្លួន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;