កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០

  • 2019-11-21 06:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បាន​ស្នើ​សុំ​កិច្ច​សហការ​ជា​មួយ​ក្រសួងទេសចរណ៍ ក្នុង​ការ​រៀប​ចំ​ឱ្យ​មានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោ​ស្រព​សិល្បៈ​តាម​ដងវិថី» នៅ​រាជធានីភ្នំពេញ នា​កំឡុង​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាងមុខ។ ការ​ស្នើ​សុំ​កិច្ច​សហ​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​លោក តាន់ មីឆាអ៊ែល (Michael Tan) ឯក​អគ្គ​រដ្ឋ​សិង្ហបុរីប្រចាំកម្ពុជា នៅ​ទីស្ដី​ការ​ក្រសួង​ទេស​ចរណ៍ កាល​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូបភាព៖ ក្រសួងទេសចរណ៍
ឯកអគ្គរដ្ឋទូតសិង្ហបុរី បានឱ្យដឹងថា ស្ថានទូតរបស់លោកមានបំណងចង់រៀបចំឱ្យមាន «មហោ​ស្រព​សិល្បៈ​តាម​ដងវិថី ឬហៅថា Street Art Festival» នៅរាជធានីភ្នំពេញ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៥៥ នៃ​ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ ហេតុ​ដូច្នេះ​ហើយ ទើប​ស្ថាន​ទូតសិង្ហបុរីស្នើសុំឱ្យមានការសហការពីសំណាក់ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈរបស់កម្ពុជា ដើម្បីផ្ដល់អនុសាសន៍បន្ថែម និង​ចូល​រួម​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និងវប្បធម៌នេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និង​បន្សល់​ទុក​នូវ​អត្ថន័យ​ស្ថិត​ស្ថិរ​យូរអង្វែង។

លោក ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោ​ស្រព​សិល្បៈ​តាម​ដងវិថី» ខាង​លើនេះ ដោយ​បាន​ចាត់​ឱ្យលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹក​នាំមន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយស្ថានទូតសិង្ហបុរី និងក្រសួងវប្បធម៌ ធ្វើ​យ៉ាង​ណា​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឱ្យបានល្អប្រសើរ។

លោក តាន់ មីឆាអ៊ែល បានលើកឡើងថា ព្រឹត្តិការណ៍មហោស្រពនោះ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទូទាំង​ក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូ​គំនូ​លើ​ជញ្ជាំង​ដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។ ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថាន​ទូត​សិង្ហបុរី​នឹង​បន្ត​កិច្ច​សហការ​រៀប​ចំនៅ​តាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្ត​បាត់ដំ​បង​ជា​ដើម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;