ទូត​កូរ៉េ កោត​សរសើរ​សម្តេច ហ៊ុន សែន ចំពោះ​គំនិត​ផ្តួចផ្តើមមួយ

  • 2019-11-22 01:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បាន​កោត​សរសើរ​សម្តេច​នូវគំនិត​ផ្តួចផ្តើម​អំពីការដំឡើង​កម្រិត​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ-កូរ៉េ ឱ្យ​ទៅជាកម្រិត​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​មេគង្គ-កូរ៉េ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​រីករាយ​ដែលភាគី​កូរ៉េ ក៏ដូចជា​ប្រទេសមេគង្គ៤ផ្សេង​ទៀត បានទទួល​យក​គំនិត​ផ្តួចផ្តើម​បង្កើន​កម្រិត​ប្រមុខ​ដឹកនាំ​ប្រទេស ឱ្យ​បានចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-កូរ៉េ។

សូមជម្រាប​ថា សម្តេច​នាយករដ្ឋមន្រ្តី នឹង​ដឹកនាំគណៈប្រតិភូជានខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូលរំលឹក​អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និង​កិច្ចប្រជុំកំពូល​មេគង្គ-សាធារណរដ្ឋ​កូរ៉េ លើកទី១ នៅទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​កំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរ​កថា ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងផែនការឆ្ពោះទៅមុខដែល​ស្របជាមួយគោលនយោបាយភាគខាងត្បូងថ្មី។ សម្តេច​រួមជាមួយថ្នាក់​ដឹក​នាំនៃប្រទេសមេគង្គនិងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍ពិសេសស្តីពីកិច្ច​សហប្រតិបត្តិការជីវៈចម្រុះរវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;