លោក ដូណាល់ ត្រាំ ប្រាប់សម្តេច ហ៊ុន សែន ​ថា អាមេរិក​មិន​ស្វែងរក​ឱ្យមាន​ការ​ប្តូររបប​នោះទេ

  • 2019-11-22 06:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ជម្រាប​ជូន​សម្តេច​ ហ៊ុន សែន តាមរយៈលិខិតមួយ​ចុះ​កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា អាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​អាមេរិក​មិនស្វែងរក​ឱ្យមានការ​ប្តូរ​របបនោះទេ។ រដ្ឋបាល​របស់លោក ស្វះស្វែង​ធ្វើឱ្យ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​របស់​សម្តេច ដោយ​ផ្អែក​លើការ​គោរព​គ្នាទៅវិញទៅមក។

ក្នុងលិខិត​បាន​សរសេរថា អាមេរិក​នៅតែបន្តប្តេជ្ញា​ចំពោះ​អនាគត​នៃ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​កម្ពុជា។ ចាប់តាំងពីសង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់​ អាមេរិក ​បាន​ធ្វើការងារ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយអាមេរិកបាន​គាំទ្រ​លើ​សេវាកម្មផ្នែកយោធា សន្តិសុខ​ ពាណិជ្ជកម្ម និង​វិនិយោគ ហើយ​ការគាំទ្រទាំងនោះ បាន​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​កសាង​សមត្ថភាព​សម្រាប់​សង្គម​ស៊ីវិល និង​ស្ថាប័ន​អភិបាលកិច្ច​កម្ពុជា។

លោកត្រាំ បន្តថា អាមេរិកនឹង​បន្តគូសបញ្ជាក់​ពី​ជំនឿ​ស្នូល​របស់​ខ្លួនថា ការ​ប្តេជ្ញា​ឆ្ពោះ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បុគ្គល និងនីតិ​រដ្ឋ បង្កើត​បាន​ជាមាគ៌ា​ដ៏ល្អបំផុត​ឆ្ពោះ​ទៅសន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់គ្រប់​ប្រជាជាតិ​ទាំងអស់។

លោក​ប្រធានាធិបតី​សង្ឃឹមថា សម្តេច​នឹង​ពិនិត្យ​ឡើង​វិញ​នូវការ​សម្រេច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក ដោយ​ការសម្រេចទាំងនេះ អាមេរិក​ជឿជាក់​​ថា វានឹង​មាន​ហានិភ័យខ្លាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ស្ថិរភាព និង​អធិបតេយ្យភាព​យូរអង្វែង​របស់​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;