ក្មេងស្រីសម្ដែងរឿងជាមួយ ទិនហ្វី ប្រាប់ផលលំបាកពីក្រោយភាពល្បីឈ្មោះទាំងក្មេង

  • 2019-11-26 08:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ឆ្នាំ ២០០៨ Xu Jiao ត្រូវ​បាន​តារា​កំប្លែង​ហុងកុង​ Stephen Chow ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ទិនហ្វី ជ្រើស​រើស​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​​កំប្លែង​បែប​វិទ្យាសាស្ត្រ​មាន​ចំណង​ជើង​ថា CJ7។ ពេល​នោះ Xu Jiao ត្រូវ​កោរ​សក់​របស់​ខ្លួន​ចេញ ដើម្បី​ដើរ​តួ​ជា​កូន​ប្រុស​ទិនហ្វី ហើយ​សមត្ថភាព​សម្ដែង​នៅ​ពេល​នោះ​ត្រូវ​បាន​ទស្សនិកជន​កោត​សរសើរ។

ភាពយន្ត​ដែល​អាច​រក​ចំណូល​បាន ៥៤ លាន​ដុល្លារ ពី​ទូទាំង​ពិភពលោក បាន​ជួយ​ឲ្យ​ Xu Jiao ក្លាយ​ជា​តារា​ល្បី​មួយ​រូប។ នាង​បាន​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​​ចំណូល​ថ្មី​ល្អ​ដាច់​គេ ក្នុង​កម្មវិធី Hong Kong Film Awards លើក​ទី ២៨។

ពេល​នេះ Xu Jiao មាន​អាយុ ២២ ឆ្នាំ​ហើយ ហើយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ South China Morning Post នាង​បាន​និយាយ​ថា​ ​ភាព​ល្បី​ល្បាញ​ទាំង​វ័យ​ក្មេង​ប្រៀប​ដូច​ជា​កាំបិត​មុខ​ពីរ​សម្រាប់​នាង។

នាង​និយាយ​ថា ៖ "អ្នក​និពន្ធ​ប្រលោមលោក​ចិន​ដ៏​ល្បី​ Eileen Chang បាន​និយាយ​ថា​ភាព​ល្បី​ល្បាញ​គួរ​មក​ដល់​លឿន (សម្រាប់​អ្នក​ដែល​ចង់​បាន​វា)។ ប៉ុន្តែ​ភាព​ល្បី​ល្បាញ​ទាំង​វិញ​ក្មេង គឺ​មាន​សម្ពាធ … អ្នក​បាត់​បង់​សិទ្ធ​ឯកជន។ សកម្មភាព​របស់​អ្នក​នៅ​ទី​សាធារណៈ​គឺ​​មាន​គេ​តាម​មើល និង​ក្លាយ​ជា​ប្រធានបទ​ដែល​មហាជន​ពិភាក្សា។ មហាជន​ប្រើ​ប្រាស់​កែវពង្រីក​ដើម្បី​មើល​ចន្លោះ​ប្រហោង​របស់​អ្នក។​​”

​Xu Jiao មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ពី​​ចំណាប់​អារម្មណ៍​ដែល​ខ្លួន​ទទួល​បាន នៅ​ពេល​ចម្រើន​វ័យ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ "វា​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​ទៅ​រៀន​នៅ​អាមេរិក។ ​ពេល​ចេញ​ទៅ​រៀន​ក្រៅ​ប្រទេស ខ្ញុំ​អាច​​បែក​ចែក​ឲ្យ​ស្មើ​គ្នា​បាន​រវាង​ភាព​ល្បី​ល្បាញ និង​ភាព​ជា​ឯកជន និង​រវាង​ការ​ងារ​និង​ការ​សិក្សា​ផង​ដែរ។​”

​Xu Jiap ដែល​បច្ចុប្បន្ន​ជា​និស្សិត​​​ផ្នែក​ភាពយន្ត​នៅ​សកលវិទ្យាល័យ Art Centre College of Design ក្នុង​រដ្ឋ California បាន​លេច​មុខ​​ក្នុង​ខ្សែ​ភាពយន្ត និង​ខ្សែ​ភាពយន្ត​ភាគ​មួយ​ចំនួន​ ដែល​ឆ្លៀត​ថត​អំឡុង​ពេល​សម្រាក​ពី​ការ​សិក្សា។

កន្លង​មក​តារា​វ័យ ២២ ឆ្នាំ​នេះ ធ្លាប់​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ ប៉ុន្តែ​ការ​សម្ដែង​ជា​កូន​ប្រុស​របស់​ទិនហ្វី ក្នុង​រឿង CJ7 នៅ​តែ​ជា​កិច្ចការ​លំបាក​ជាង​គេ។ នាង​និយាយ​ថា ៖ "វា​មិន​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ក្មេង​ស្រី​ម្នាក់ សម្ដែង​ធ្វើ​ជា​ក្មេង​ប្រុស។ ខ្ញុំ​មិន​​ធ្លាប់បាន​ទទួល​ការ​ហ្វឹកហាត់​បែប​ផ្លូវ​ការ​អ្វី​នោះ​ទេ​មុន​សម្ដែង​តួ​នេះ។ ការ​ណែនាំ​របស់ Stephen Chow និង​ការ​​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​ជា​ហេតុផល​ដែល​ខ្ញុំ​អាច​ជម្នះ​វា​បាន៕”

ប្រភព៖ South China Morning Post ប្រែសម្រួល៖ សុខហេង

អត្ថបទថ្មី
;