ឯម សុវណ្ណារី បង្ហើបពីចំណុចខ្លាំងរបស់ RAYANE មុនប៉ះគ្នា

  • 2019-12-04 12:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក ឯម សុវណ្ណារី ដែល​មាន​រហស្សនាម​ថា «Savage Buddha» កំពុង​ត្រៀមឡើងប្រកួតលើកទី២ នៅសង្វៀន ONE Championship នៅ​ប្រទេស​ម៉ាឡេស៊ី​ នាថ្ងៃទី៦ ខែធ្នូ​ខាងមុខនេះ ដោយត្រូវជួបកីឡាការិនីសញ្ជាតិប្រេស៊ីល RAYANE MARQUES។

កូនខ្មែរនៅអាមេរិកបាននិយាយថា៖ «វាជាការប្រកួតដ៏លំបាកមួយ ព្រោះគូប្រជែងរបស់ខ្ញុំជំនាញខាងប្រយុទ្ធ និងចូលចាប់។ RAYANE ពូកែខាងចំបាប់ហើយខ្ញុំត្រូវតែការពារកុំឲ្យគេចូលចាប់ងាយៗនោះ។ បើមិនដូច្នោះ វាអាចនឹងយ៉ាប់។ ហើយគេក៏មានក្បាច់ប្រយុទ្ធវាយបកលឿនៗផងដែរ។ បើហ៊ានប្រហែសខ្ញុំច្បាស់ជាត្រូវគេបញ្ចប់ការប្រកួតមិនខាន»។

សុវណ្ណារី បានបន្តថា RAYANE ពិតជាមានថាមពលខ្លាំងក្លាណាស់ ហើយតែងតែចង់បញ្ចប់គូប្រកួតរបស់គេគ្រប់ពេលវេលានៅលើសង្វៀន។ រឿងគួរឲ្យកត់សម្គាល់មួយទៀត ក្បាច់ប្រយុទ្ធទាំងដៃ និងជើង ឬ ការចេញអាវុធក្នុងពេលតែមួយសុទ្ធតែបង្កគ្រោះថ្នាក់ទាំងអស់។ យ៉ាងណាក្ដី កីឡាការិនីសម្បុរស្រអែមជឿជាក់ថារូបគេបានត្រៀមរួចជាស្រេច និងបានល្អទៀតផង ក្រោយខកខានឡើងសង្វៀន ONE រយៈពេល ១ ឆ្នាំគត់។ កីឡាការិនីវ័យ ២៧ ឆ្នាំសង្កត់ធ្ងន់ថា៖ «ការប្រកួតនឹងល្អមើល ជក់ចិត្ត ហើយក្បាច់របស់ខ្ញុំក៏ប្លែកដែរ។ រាងកាយខ្ញុំក៏រឹងមាំប្លែកជាងមុនដែរ»។

ឯម សុវណ្ណារី ប្រឹងប្រែងខ្លាំងនៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺសុវណ្ណារី ប្រើពេលមិនដល់ ៣នាទីឡើយដើម្បីផ្ដួលគូប្រកួតឲ្យសន្លប់ក្នុង ៣លើកកន្លងមក។ កីឡាការិនីប្រកួតតំណាងឲ្យកម្ពុជាមិនដែលចាញ់ទេ ស្របពេលកីឡាការិនីប្រេស៊ីលក៏ដូចគ្នាលើសង្វៀនគុនចម្រុះកន្លងមក។ បែបណាក្ដី កូនខ្មែរនៅអាមេរិកបន្ថែមថា៖ «ខ្ញុំចង់ឈ្នះការប្រកួតឲ្យលឿនតាមតែអាចធ្វើទៅបាន។ ខ្ញុំចង់បានការប្រកួតច្រើនបន្តបន្ទាប់ទៀតនៅ ONE ហើយបន្ទាប់មកខ្ញុំចង់ដណ្ដើមខ្សែក្រវាត់។ ខ្ញុំចង់វ៉ៃយកខ្សែក្រវាត់ ទោះខ្ញុំវ៉ៃក្នុងទម្ងន់ strawweight ក៏ដោយ។ ប៉ុន្តែឥឡូវខ្ញុំផ្ដោតលើទម្ងន់ flyweight សិន ហើយខ្ញុំនឹងមានការប្រកួតបន្តទៀតតំណាងឲ្យកម្ពុជា»។

សុវណ្ណារី នាការប្រកួតកន្លងមក

កូនខ្មែរនៅអាមេរិករៀបរាប់ថា៖ «បើមានការចាំបាច់ ខ្ញុំត្រូវប្រើក្បាច់ចំបាប់ដែរ ព្រោះខ្ញុំបានហាត់វាកន្លងមក។ ក្បាច់ណាអាចផ្ដួលដៃគូបាន ខ្ញុំនឹងធ្វើវា។ ខ្ញុំមិនសូវចូលចិត្តចំបាប់តែខ្ញុំហាត់វាដែរ។ យ៉ាងណាក៏ដោយវាសុទ្ធតែស្ថិតនៅក្នុងផែនការរបស់ខ្ញុំនៅលើសង្វៀន»។

គួររំលឹកថាពេលបង្ហាញខ្លួនដំបូងនៅ ONE ឯម សុវណ្ណារី មានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលឈ្នះការប្រកួតដោយផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹម ៨១ វិនាទីប៉ុណ្ណោះ កាលខែធ្នូ ឆ្នាំ ២០១៨។ សុវណ្ណារី ថា ការប្រកួតនេះគឺតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ ដូចលើកមុនដែរ ហើយ គេនៅតែបន្តបេសកកម្មនេះសម្រាប់ប្រទេសដូនតារបស់ខ្លួន។ កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: Mark OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, YouTube និង App របស់​ ONE Championship៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;