វេទិកា​និពន្ធ​នាយក អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​បង្ក​ឧបសគ្គ​ដល់​អ្នកសារព័ត៌មាន

  • 2019-12-06 03:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អ្នក​កាសែតកម្ពុជា បានរៀបចំវេទិកានិពន្ធនាយកលើកទី១៦ ក្រោមប្រធានបទ "ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កម្ពុជា​ក្នុងយុគសម័យ ៤.០" ដោយមាន ការចូលរួមពីនិពន្ធនាយក បណ្ណាធិការ ចាងហ្វាង តំណាងសារព័ត៍មាន។ វេទិកា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២។

ក្នុងគោលដៅលើកកម្ពស់សមត្ថភាពអ្នកសារ ព័ត៌មាន ក៏​ដូចជាពង្រឹងស្ថាប័ន សារព័ត៌មាន​នៅ​កម្ពុជា​ដើម្បី​ដើរ​ឲ្យទាន់ការវិវឌ្ឍ ផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០, វេទិកានិពន្ធនាយក សារ​ព័ត៌មាន​កម្ពុជា (វ.ន.អ.ក) លើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុត របស់ក្លិប អ្នកកាសែត កម្ពុជា បាន​លើក​យកប្រធានបទ «សារព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» មកពិភាក្សា ។

វេទិកានិពន្ធនាយក អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់សូមកុំបង្ក​ឧបសគ្គ ណា​មួយ ដល់​អ្នកសារព័ត៌មាន ប៉ុន្តែសូមសហការឲ្យបានល្អ ក្នុងការផ្តល់​ព័ត៌មាន ដល់​អ្នក​សារ​ព័ត៌មាន ដើម្បី​ឲ្យពួកគេយក ទៅផ្សព្វផ្សាយ​ជូនដល់​ពលរដ្ឋ ដោយងាយស្រួល​និងឲ្យបានទូលំទូលាយ។

ជាមួយគ្នានេះ វេទិកានិពន្ធនាយក ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានគ្រប់រូប ត្រូវខិតខំលើក តម្លៃ សារ​ព័ត៌មាន ដោយបំពេញ​ការងារ​ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ស្របតាមក្រម សីលធម៌​វិជ្ជាជីវៈ និងត្រូវកាត់បន្ថយ​ភាព​អសកម្មរបស់ខ្លួន នៅចំពោះ​មុខសាធារណៈជន ដូចជាការបង្ហោះ រូប​ភាព​ពេលសេព​គ្រឿង​ស្រវឹង ឬការស្វែងរកផល ប្រយោជន៍​ដោយមិន​សមហេតុផល និង​មិន​សម​ស្រប តាម​ក្រមសីលធម៌ វិជ្ជាជីវៈជាដើម។

វេទិកានិពន្ធនាយក លើកទឹកចិត្តដល់អ្នកសារ ព័ត៌មានគ្រប់រូបឱ្យសិក្សាស្វែងយល់ ពីច្បាប់ ពាក់​ព័ន្ធ​នានា ឲ្យបានច្រើន​តាមដែលអាចធ្វើបាន ដើម្បីឲ្យខ្លួនមានមូលដ្ឋានច្បាស់លាស់ ក្នុងការ សរសេរ​ព័ត៌មាន ជាពិសេស ពាក់ព័ន្ធនឹងវិស័យច្បាប់និងតុលាការ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម។

វេទិកានិពន្ធនាយក យល់ឃើញថា​ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅតែជាការងារ សំខាន់ សម្រាប់ អ្នកសារព័ត៌មានគ្រប់រូបដើម្បីលើកកម្ពស់ ប្រសិទ្ធភាព​ការងាររបស់អ្នក​សារ​ព័ត៌មាន ផង​ក៏​ដូច​ជា ដើម្បីលើកកម្ពស់ គុណតម្លៃរបស់សារព័ត៌មានអាជីពផង និងកាត់ បន្ថយ ព័ត៌មានបំពុល សង្គម​ផង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;