សម្តេច ស ខេង៖ ជនល្មើស​ប្រើ​អនឡាញទាក់ទាញ​ជន​រងគ្រោះឱ្យចូល​អន្ទាក់

  • 2019-12-13 01:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ បាន​លើកឡើង​ថា ជនល្មើស បាន​រកគ្រប់​ល្បិច​កល​ដ៏​ស្មោក​គ្រោក ពង្រាយ​បណ្ដាញ​ធ្វើសកម្មភាព​កេងប្រវ័ញ្ច​ជនរងគ្រោះ​នៅគ្រប់​ដំណាក់កាល ទាំង​ដោយផ្ទាល់ និង​ប្រយោល​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង អនឡាញ (Online) ឬតាម​បច្ចេកវិទ្យា​ទំនើប​ដែលប្រជាពលរដ្ឋ ជា​ពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យ​និយមប្រើប្រាស់ គឺទូរសព្ទដៃ និងប្រព័ន្ធអិនធើណេត។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រព​កោះពេជ្រ។

សម្តេច​ក្រឡាហោម​បញ្ជាក់​ថា ទំនោរនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានធ្វើឲ្យឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះ ប្រព័ន្ធអនឡាញនិងបណ្តាញផ្សព្វផ្សាយសង្គម ក៏បានបង្កើតជាបញ្ហាថ្មី គឺ «ការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជាពិសេស លើអនីតិជនតាមប្រព័ន្ធអនឡាញ»។

សម្តេចក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍​ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យ គ្រប់ភេទ ក្នុងសង្គម គ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារនិងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ ។ រៀងរាល់ឆ្នាំមនុស្សរាប់សែន រាប់លាននាក់ ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែង ក្នុងពិភពលោក។

ជាមួយគ្នានេះ សម្តេច​បាន​អំពាវនាវដល់ភាគីប្រទេស​ជាមិត្តទាំងអស់ ចូលរួមសហការ ជួយជ្រោមជ្រែងសកម្មភាព​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត និងសូមអំពាវនាវភាគីប្រទេសគោលដៅពាក់ព័ន្ធចូលរួមពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ និង ផ្តល់ឯកសារត្រឹមត្រូវជូនពលករកម្ពុជា ដែលមានឯកសារផុតសុពលភាព ជៀសវាងការប្រើប្រាស់ឯកសារអ្នកដទៃ ដែលខុសអត្តសញ្ញាណ និងការចេញឯកសារ ជាឯកត្តោភាគី ដោយខ្វះព័ត៌មានអំពីអត្តសញ្ញាណពិត និងខ្វះការត្រួតពិនិត្យ ពីសមត្ថកិច្ចប្រទេសដើម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;