ក្រសួងបរិស្ថាន ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​គាំទ្រ​គម្រោង​ភ្នំពេញ​ស្អាត

  • 2019-12-19 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និងលោកស្រី ជា សុផល្លា សហស្ថាបនិកគម្រោងភ្នំពេញស្អាត (PHNOM PENH SA-AT COMMITTEE) បាន​ចុះ​ហត្ថលេខា​លើ​អនុ​ស្សារណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ទី​ក្រុងស្អាត ដែល​បានរៀបចំឡើង កាល​ពី​ថ្ងៃទី១៨ ខែខធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។

រូបភាព៖ ក្រសួងបរិស្ថាន
លោក ជួប ប៉ារីស៍ បានលើកឡើងថា ស្ថានភាពសំរាមនៅក្នុងទីក្រុងភ្នំពេញ គឺ​ជា​បញ្ហា​ចោទ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ កាក​សំណល់ពីគេហដ្ឋាន សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ ជាពិសេស​តាមទីផ្សារ បាន​បង្កជាគុណវិបត្តិមួយចំនួន ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ក្រោមទិសស្លោក “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ” យុទ្ធនា​ការ​ភ្នំពេញ​ស្អាត​បាន​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវរូបភាពអវិជ្ជមានទាំងអស់នេះ តាម​រយៈ​ការ​អប់រំ​ណែនាំ​ដោយ​ចំហ​ក្ដី ដោយ​ផ្ទាល់ក្ដី ដល់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យមានសីលធម៌ សុជីវធម៌​បោះចោលសំរាមក្នុងធុងសំរាម មិនពង្រាយកាកសំណល់ផ្ដេសផ្ដាស នាំ​ឲ្យ​សង្គម​បាត់​បង់​សណ្ដាប់​ធ្នាប់ និងមានសំរាមពាសវាលពាសកាល។

លោក​បាន​បន្ថែម​ទៀតថា អ្វីដែលប្លែកជាងឆ្នាំមុនៗនោះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ក្រុមយុវជនស្អាតរបស់យុទ្ធនាការភ្នំពេញស្អាត បាន​សាមគ្គី​គ្នា​ដើរចងប៉េងប៉ោងតាមធុង សំរាមនីមួយៗ ដើម្បីជាកំណត់សម្គាល់មួយថា ទីណា​មាន​ប៉េងប៉ោង ទីនោះមានធុងសំរាម។ គំនិតនេះហើយ គឺ​ជា​កត្តា​មួយ​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​សំរាម​លើ​ដី និង​ដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាពិធីបុណ្យអុំទូកនេះ ចេះ​កែ​ប្រែ​ទម្លាប់​អាក្រក់​ចោល​សំរាម​លើដងផ្លូវ ងាកមកមានការទុកដាក់សំរាមបានត្រឹមត្រូវ និង​បាន​ធ្វើឱ្យ​មាន​ការ​គិតគូរ​យ៉ាង​ខ្លាំង​ពី​កិត្យានុភាពជាតិ។

គួរបញ្ជាក់ថា អនុសាណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងគម្រោងភ្នំពេញស្អាត មាន​រយៈ​ពេល​អនុវត្ត​គម្រោង រយៈពេល ៣ឆ្នាំ ដោយ​ក្រសួងបរិស្ថានបានចូលរួម និងគាំទ្រគម្រោងកម្មវិធី តាម​រយៈមូលនិធិបរិស្ថាន និងសង្គម ក្នុង១ឆ្នាំ ថវិកាចំនួន ១ ០០០០ដុល្លារអាមេរិក (មួយ​ម៉ីន​ដុល្លារ​អាមេរិក)។ គម្រោងភ្នំពេញស្អាត រួមមានកម្មវិធីជាច្រើន សម្រាប់ឲ្យស្ថាប័ននានា និងប្រជាពលរដ្ឋចូលរួម បង្ហាញ និង​ផ្សព្វផ្សាយបន្តនូវទងើ្វល្អៗដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុង​ការ​គ្រប់​គ្រង​សំរាម និងថែរក្សាបរិស្ថានស្អាត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;