កម្ពុជាជាប្រទេសទី ២នៅអាស៊ាន មានប្រព័ន្ធដេញថ្លៃផ្លាកលេខលើអនឡាញ

  • 2019-12-20 10:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​លក់​លេខ​ចុះបញ្ជី​រថយន្តថ្មី របស់​ប្រទេស​កម្ពុជា ស្ថិតនៅក្នុងលំដាប់លេខរៀងទី២ នៅ​ក្នុង​បណ្ដា​ប្រទេសអា​ស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរីក្នុងការរៀបចំប្រព័ន្ធលក់ ដេញ​ថ្លៃ​លេខ​ចុះ​បញ្ជី​រថយន្ត​តាម​ប្រព័ន្ធអនឡាញ និងលេខរៀងទី២ នៅអាស៊ីបន្ទាប់ពីហុងកុងដែលមានការលក់ ដេញ​ថ្លៃ​លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ។ ការ​លើក​ឡើង​នេះ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពីនីតិវិធី​នៃ​ការ​លក់​លេខ​ចុះ​បញ្ជីពិសេស​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួង​បាន​បន្ត​ថា ការគណនា និងកំណត់តម្លៃចំពោះលេខពិសេសផ្ទាល់ខ្លួន គឺឈរលើមូលដ្ឋាន៖ ចំនួន​តួ​កាន់​តែតិច តម្លៃ​កាន់តែខ្ពស់, ពាក្យពេចន៍នៅក្នុងវចនានុក្រមអង់គ្លេស, លេខ 168, លេខ ឬ អក្សរ ដូចគ្នា, លេខ ឬ អក្សរ រៀងជាប់គ្នាតាមលំដាប់ឡើង, លេខ ឬ អក្សរ រៀង​ជាប់​គ្នា​តាម​លំដាប់​ចុះ, លេខ ឬ អក្សរមានលក្ខណៈឆ្លុះ និង លេខរៀងជាប់គ្នាជាចំនួនសេស ឬគូ នៃតួអក្សរនីមួយៗ។

ថ្លែងក្នុងសិក្ខាសាលានោះ លោក​ស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បាន​មានប្រសាសន៍​ថា ការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួននេះ ក្នុង​គោល​បំណង​ដើម្បី​ផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការទិញលេខសម្រាប់ចុះបញ្ជីរថយន្ត និង​ស្រប​ទៅ​នឹង​និយាម​ការ​អន្តរ​ជាតិ ព្រមទាំងស្វែងរកចំណូលបន្ថែមជូនថវិកាជាតិ។

លោក​ស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹក​ជញ្ជូន រូបភាព៖ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន

លោក​ស្រី បានបន្តថា ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​ប្រទេសថៃ ទីក្រុងហុងកុង និងប្រទេសសឹង្ហបុរី ដើម្បីដកស្រង់យកបទពិសោធន៍ ក្នុង​ការ​អភិវឌ្ឍ និងរៀបចំប្រព័ន្ធគ្រប់គ្រងការលក់លេខ ដេញថ្លៃចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន។

លោក​ស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធចុះបញ្ជីរថយន្តថ្មីនេះ នឹង​ផ្តល់​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​រថយន្ដ មាន​សិទ្ធិ​ស្នើ​សុំ​រក្សា​លេខ​ចុះ​បញ្ជី​លើ​រថយន្ដ​កំពុង​ប្រើ​ប្រាស់​សម្រាប់​ចុះ​បញ្ជី​លើ​រថយន្ដ​ថ្មីរបស់ខ្លួនបាន, អាចរក្សាទុកជាកេរិ៍តមរតក, អាចធ្វើការចុះបញ្ជីជាសហកម្មសិទ្ធិ និង​លេខ​ចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដែលអាចដាក់លេខ ឬ/និងអក្សរឡាតាំងមិនលើសពី ៨ខ្ទង់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;