ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ជាង ១លាន​នាក់ ដើរ​លេង​ពេល​ឆ្លង​ចូល​ឆ្នាំ​២០២០

  • 2020-01-03 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ​សរុប​ជិត ១,៤លាននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ចូល​ឆ្នាំ២០២០។ ចំនួនភ្ញៀវទេសចរជិត ១,៤លាននាក់នេះ មានការកើនឡើងប្រមាណ ២២,៧០ ភាគរយ បើធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,៦ ម៉ឺននាក់ធ្លាក់ចុះ ៨,៩០ភាគរយ និងភ្ញៀវទេសចរជាតិ ១,៣លាននាក់ កើនឡើង ២៥,៣០ភាគរយ។

រូបភាព៖ ហ្វេសបុក លោក គួច ចំរើន
លោករដ្ឋមន្ត្រីបន្តថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរ ប្រមាណ ៣៦ម៉ឺននាក់, ខេត្ត សៀមរាប ប្រមាណ ៣០ម៉ឺននាក់, ខេត្តព្រះសីហនុ ប្រមាណជិត ១០ម៉ឺននាក់, ខេត្តកែប ប្រមាណ ១៥ម៉ឺននាក់, ខេត្ត​កំពត ប្រមាណ ជិត១៣ម៉ឺននាក់, ខេត្តកោះកុង ប្រមាណ ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរី ប្រមាណ​១ម៉ឺននាក់, ខេត្ត រតនគិរី ជិត៨ពាន់នាក់, បន្ទាយមានជ័យជាង២ម៉ឺននាក់, បាត់ដំបង ជិត ៩ម៉ឺននាក់, កំពង់​ឆ្នាំង​ជាង ៣ម៉ឺននាក់, កំពង់ស្ពឺ ជាង ២ម៉ឺននាក់ និងត្បូងឃ្មុំជិត ៥ម៉ឺននាក់។

លោករដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងនូវការអរគុណដល់បុព្វហេតុសន្តិភាព។ ដែល​សន្តិភាព​នេះ​ហើយ​បាន​អនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជា​មួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត។

លោក​បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទទួល​បាន​ភាព​សប្បាយរីករាយ។

កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺ​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​កត្តា​មួយ​ចំនួន​ដូច​ជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;